អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋជនងាយរងគ្រោះ ទីទាល់ក្រ១៤៨គ្រួសារ ក្នុងពញាក្រែក

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត អាជ្ញាធរស្រុក យុវជនកាកបាទក្រហមស្រុក ស.ស.យ.កស្រុក និងក្រុមការងារ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អញ្ជើញចុះសំណេះសំណាលសូរសុខទុក្ខ នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសាខាកាកបាទក្រហមខេត្ត ចំនួន១៤៨កញ្ចប់ ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រ៥២ចំនួនគ្រួសារ នៅបរិវេណសាលាបឋមសិក្សាកណ្តោលជ្រុំ និងពលករកំពុងដាក់ខ្លួននៅដាច់ដោយឡែកចំនួន១៦នាក់ និង៨០កញ្ចប់ទៀត ផ្តល់ជូនទៅអនុសាខាកាកបាទក្រហមស្រុកពញាក្រែក ចែកជូនពលរដ្ឋជនងាយរងគ្រោះក្នុងមូលដ្ឋានរបស់ខ្លួនបន្ត។

មានប្រសាសន៍សំណេះសំណាលនាឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋជាចនងាយរងគ្រោះទាំងអស់ក្នុងស្រុកពញាក្រែក ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារការឆ្វេងយល់និងដឹកនាំដ៍ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឃុំគ្រងការសាយភាយជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះនៅកម្ពុជាមានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការឆ្លងបន្តបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី គឺយើងមិនត្រូវភ្លេចខ្លូននោះឡើយ។

ឆ្លៀតក្នុងឱកាស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកថា បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថាជាសះស្បើយទាំងអស់ទៅហើយក្តី តែយើងមិនត្រូវភ្លេចខ្លួននោះឡើយ ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំឬប្រមូលផ្តុំគ្នានោះទេ។

ឯកឧត្តមបណ្ឌិត បន្ថែមថា ជាពិសេសអាជ្ញាធរស្រុក ឃុំ យុវជនកាកបាទក្រហម ស.ស.យ.ក ត្រូវរួមសហការគ្នាបញ្ជ្រាបការយល់ដឹង និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តដែលបានដាក់ចេញ ឲ្យជ្រួតជ្រាបដល់ពលរដ្ឋក្នុងសហគមន៍ ធ្វើយ៉ាងណាដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដល់ជំងឺកូវីដ១៩ជាថ្មី ដែលជារលកទី២នោះ។

សូមបញ្ជាក់ថា ចំពោះអំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះ៥២គ្រួសារចែកជូននាឳកាសនោះ និង៨០គ្រួសារទៀត ផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកពញាក្រែក សម្រាប់ចែកបន្ត ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និងថវិការចំនួន២ម៉ឺនរៀល។

នាព្រឹកដដែលនេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ រួមទាំងក្រុមការងារ បន្តត្រួតពិនិត្យទីតាំងចត្តាឡីស័ក្ត ដោយសំណេះសំណាល ផ្តល់ជូនគ្រឿងឧបភោគបរិភោគ ម៉ាស់ អាកុល និងថវិការ១០មុឺនរៀល ក្នុងម្នាក់ៗ ដល់ពលករចំនួន១៦នាក់ ដែលទើបមកពីក្រៅប្រទេសកំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ ក្នុងស្រុកពញាក្រែកផងដែរ៕