កិច្ច​ជំនួប​ពិភាក្សា​រវាង​អភិបាលខេត្ត​សៀមរាប ជាមួយ​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ផែនការ នៅ​សាលា​ខេត្តសៀមរាប

(​សៀមរាប​)៖ នា​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត បានអនុញ្ញាត​ឲ្យ​ប្រតិភូ​ក្រសួងផែនការ ដឹកនាំ​ដោយ​ឯកឧត្តម ថេ​ង បញ្ញា​ធន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​ផែនការ នៃ​ក្រសួងផែនការ ចូលជួប​ពិភាក្សា​ការងារ​កំណត់​អត្តសញ្ញាណ ប្រជាពលរដ្ឋ​គ្រួសារ​ក្រ​១ និង ក្រ​២ នៅ​សាលា​ខេត្តសៀមរាប។

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ថេ​ង បញ្ញា​ធន បានបញ្ជាក់​អំពី​គោលបំណង​របស់​ក្រសួងផែនការ គឺ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ឲ្យ​អាជ្ញាធរ​ក្រុង ស្រុក មេឃុំ សង្កាត់ និង​អ្នកពាក់ព័ន្ធ​បាន​យល់ដឹង​កាន់តែច្បាស់​អំពី​ដំណើរការ និង​នីតិវិធី​នៃ​ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ក្នុង​ខេត្ត តាម​ការស្នើសុំ ក្នុងអំឡុងពេល​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩ និង​ឲ្យ​ចេះ​ប្រើប្រាស់​ឧបករណ៍​” ថា​ប្លេ​ត ” ដើម្បី​សម្ភាសន៍​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានដាក់​ពា​ក្ស​ស្នើសុំ​ប័ណ្ណ​សមធម៌ សម្រាប់​ទទួល​សេវា​សង្គម​ដោយ​ឥតគិតថ្លៃ​ពី​រាជរដ្ឋាភិបាល ។ ឯកឧត្តម​បាន​បន្តទៀត ការធ្វើ​អត្តសញ្ញាណ​កម្មនេះ គឺ​ត្រូវ​ពិនិត្យមើល​ទៅលើ​គ្រួសារ​ក្រីក្រ​នៅ​មូលដ្ឋាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​តំបន់​ជនបទ ត្រូវ​ស្រង់​ស្ថិតិ​គ្រួសារ​ក្រ​១ និង​ក្រ​២ ឲ្យ​បាន​មុន​ដំណាច់ខែ ឧសភា​នេះ ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ហើយ​តាម​បណ្តា​ស្រុក​ឲ្យ​បាន​នៅ​ដំណាច់​ខែមិថុនា ឆ្នាំ​២០២០​ខាងមុខ​ផងដែរ ។ ការអនុវត្ត​តាម​នីតិ​វិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ជៀសវាង​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ និង​ត្រូវ​បន្ដ​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងដំណាក់កាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ ១៩ ។ ក្នុងនោះដែរ​ឯកឧត្តម​ប្រតិភូ ក៏បាន​លើក​សំណូមពរ​មួយចំនួន ទៅកាន់​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​សហការ និង​ជម្រុញ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់​ឲ្យ​អនុវត្ត​ធ្វើ​អត្តសញ្ញាណ​កម្ម នៅក្នុង​ខេត្ត ឲ្យ​ដំណើរការ​ទៅដោយ​រលូន និង​ទៅតាម​ការកំណត់​របស់​រាជរដ្ឋាភិបាល ។

ឯកឧត្តម ទៀ សីហា ក៏បាន​ឯកភាព​ទៅលើ​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​យកចិត្តទុកដាក់ ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ សំខាន់​ក្នុងឱកាស​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​កូ​វិដ​១៩ ។ ឯកឧត្តម ក៏បាន​លើក​ផងដែរ​ថា ឆ្លងតាម​កិច្ចប្រជុំ​របស់​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្តសៀមរាប ក៏បាន​ធ្វើការ​ពិភាក្សា​ទៅ លើ​ការធ្វើ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ប្រភេទ​(​ក្រ​១ ,​ក្រ​២) និង ផ្តោតទៅលើ​ប្រភេទ​(​ក្រ​៣)​ផងដែរ នៅពេលដែល​កម្ពុជា​យើង ជួប​នូវ​វិបត្តិ​កូ​វិដ​១៩​នេះ ។ ឯកឧត្តម​អភិបាលខេត្ត បានធ្វើ​ការគាំទ្រ អំពី​នីតិវិធី​នៃ​ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដែល​ក្រសួងផែនការ​បានលើកឡើង ដោយ​ខេត្ត​មាន​មន្ទីរ​ផែនការ ជា​សេនាធិការ​របស់​ខេត្ត ក្នុង​ការងារ​នេះ​ទៀតផង​។ ឯកឧត្តម ក៏បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លង​ផុត​ប្រភេទ​( ក្រ​១,​ក្រ​២) នាពេល​កន្លងមក ក្នុងពេល​ដែលមាន​វិបត្តិ​កូ​វិដ ១៩ គ្រួសារ​ទាំងនោះ ត្រូវបាន​ធ្លាក់ចូល​ប្រភេទ​( ក្រ​១,​ក្រ​២)​សាជាថ្មី ព្រមទាំង​ប្រភេទ (​ក្រ​៣) ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​មានការ ព្រួយបារម្ភ ក្នុងការ​ផ្តល់ជូន​បង​ប្អូន​ជា​គ្រួសារ​ក្រីក្រ ដែល​បានដាក់​ពា​ក្ស​ស្នើសុំ​ប័ណ្ណ​សមធម៌ សម្រាប់​ទទួល​សេវា​សង្គម​ដោយ​ឥតគិតថ្លៃ​ពី​រាជរដ្ឋាភិបាល ៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​