អភិបាលខេត្ត​ព្រះវិហារ ដឹកនាំ​មន្ទីរជំនាញ​ចុះ​ពិនិត្យ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​កោះកែរ

(​ព្រះវិហារ​)៖ ដើម្បី​រក្សាបាន​នូវ​សោ​ភ័​ណ្ឌ​ភាព​នៅ​ទីក្រុង ទីប្រជុំជន និង​រក្សាបាន​សុវត្ថិភាព​តាម​ដងផ្លូវ​សាធារណៈ​នៅ​ទូទាំង​ខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង ចុះ​ពិនិត្យ​គម្រោង​ការងារ​ជួសជុល ពង្រីក​តួ​ផ្លូវ​ក្រាល​កៅស៊ូ រៀបចំ​សួន​ពុះ​ទ្រូងផ្លូវ ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ លើ​កំណាត់​ផ្លូវ​កោះកែរ ក្នុង​សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ពោលគឺ​ក្នុង​គោលបំណង រៀបចំ​ធ្វើយ៉ាងណា​ឱ្យ​កំណាត់​ផ្លូវ​មួយ​នេះ មាន​សោ​ភ័​ណ្ឌ​ភាព​ឱ្យ​កាន់តែ​ល្អប្រសើរ សម្រួល និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​

សូមបញ្ជាក់ថា គម្រោង​ជួសជុល​ផ្លូវ​នេះ​មាន​ប្រវែង​ជាង​២២៤០​ម៉ែត្រ មាន​ទទឹង​១៨​ម៉ែត្រ មាន​រៀបចំ​សួនច្បារ និង​ដាក់​បង្គោល​ភ្លើង​ចំ​កណ្ដាល​ទ្រូ​វ​ផ្លូវ​សរុប​ចំនួន ៤៥​ដើម ប្រើប្រាស់​គម្រោង​ថវិកា ខេត្ត និង​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​)​