សម្ដេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ឹម ឆែម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូក្រសួងមហាផ្ទៃ បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងអញ្ជើញជួបសុន្ទនាជាមួយលោកជំទាវ សួស ណារ៉ា ហឹម ឆែម ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះការទទួលមរណភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។

បន្ទាប់មក សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បាន អញ្ជើញប្រគល់ជូនលោកជំទាវ សួស ណារ៉ា ព្រមទាំងក្រុមគ្រួសារ នូបបច្ច័យចូលរួមក្នុងពិធីបុណ្យសពឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងបានបន្តអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដែលសម្ដេចបានសរសេរចារទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម។

ក្នុងសាររំលែកមរណទុក្ខផ្ញើជូនលោកជំទាវ សួស ណារ៉ា កាលពីថ្ងៃទី១៦ ខែឧសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម គឺជាបញ្ញាវន្តដ៏ឆ្នើមមួយរូប ដែលបានចូលរួមចំណែកតស៊ូបម្រើយ៉ាងសកម្ម និងប្រកបដោយស្វាមីភក្ដិយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុ ជាតិ សានា ព្រះមហាក្សត្ររហូតដល់វិនាទីចុងក្រោយនៃជីវិតរបស់ឯកឧត្តម។

មរណភាពរបស់ឯកឧត្តម ហ៊ឹម ឆែម មិនត្រឹមតែជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការបាត់បងនូវឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលបានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ចូលរួមកសាងសង្គមជាតិតាមរយៈការលើកកម្ពស់នូវគុណតម្លៃនៃវប្បធម៌ និងព្រះពុទ្ធសាសនា។

ក្នុងនាមភរិយា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានសេចក្ដីសង្វេគសោកស្ដាយជាអនេក ប្រកបដោយសមានទុក្ខក្រៀមក្រំ និងរន្ធត់ក្ដុកក្ដួលឥតឧបមាចំពោះមរណភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយលោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែម ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ហ៊ឹម ឆែម បានសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លៀតឡើយ៕