អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព សហការជាមួយរដ្ឋបាលស្រុកគិរីវង់ ចុះផ្សព្វផ្សាយអប់រំ និងវិធីបង្ការជំងឺកូវីដ១៩ 

(តាកែវ)៖ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការនូវមេរោគកូវីដ១៩ កុំឲ្យមានការរីករាលដាលនៅក្នុងសហគមន៍ អង្គការព្រះពុទ្ធសាសនាដើម្បីសុខភាព បានសហការជាមួយរដ្ឋបាលស្រុកគិរីវង់ ចុះមកអប់រំ ផ្សព្វផ្សាយ បង្ការទប់ស្កាត់ ជំងឺកូវីដ១៩ ព្រមទាំងបានផ្ដល់អំណោយដល់ពលរដ្ឋក្រីក្រចំនួន ៤៥គ្រួសារ។

នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ លោក ស៊ុត ខុន អភិបាល នៃគណ:អភិបាលស្រុកគិរីវង់ ព្រមទាំងសហការី រួមជាមួយ ព្រះបទុមរង្សី ខៀវ ខន ព្រះរាជគណៈថ្នាក់កិត្តិយស ព្រះលេខាធិការសាលា គណរាជធានីភ្នំពេញ និងជាព្រះប្រធានគណៈកម្មាធិការប្រតិបត្តិនៃមូលនិធិព្រះពុទ្ធសាសនាដើម្បីសុខភាព លោកវេជ្ជបណ្ឌិត ដួង ឡត ក្រុមប្រឹក្សាភិបាលអង្គការព្រះពុទ្ធសាសនា ដើម្បីសុខភាព លោក សំ សំអឿន នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនា ដើម្បីសុខភាព បានអញ្ចើញចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីវិធីបង្ការ និងការពារមេរោគ កូវីដ ១៩ និង ចែកអំណោយសប្បុរសធម៌ ដល់គ្រួសារក្រីក្រ ៤៥គ្រួសារ នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ បានមានប្រសាសន៍ថា ការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីត១៩នេះ សំខាន់បំផុតគឺបងប្អូនប្រជាពលរដ្ឋ ម្នាក់ៗ ដែលត្រូវតែទម្លាប់មានអនាម័យឲ្យបានជាប់លាប់ ពិសេសពេលចេញទៅណាមកណា ត្រូវមាន អាគុល ពាក់ម៉ាស់ជានិច្ច ហើយមិនត្រូវធ្វើការជួបជុំឬស្និទ្ធស្នាលគ្នាជាដាច់ខាត ពោលគឺត្រូវរក្សាគន្លតឲ្យ ឆ្ងាយពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ ។


លោក ស៊ុត ខុន បានបន្តទៀតថា ជំងឺកូវីដ ១៩នេះ មិនទាន់មានថ្នាំសម្រាប់ព្យាបាល ឬក៏មានវ៉ាក់សាំងនោះទេ ហើយជម្ងឺនេះគឺវាងាយឆ្លងខ្លាំងណាស់ និងសាហាវថែមទៀតផង តែប្រសិនបើបងប្អូន ចេះការពារខ្លួនឯង ពិសេសទម្លាប់មានអនាម័យ ជម្ងឺកូវីត១៩នេះ មិនងាយមកចម្លងយើងបាននោះទេ ដូច្នោះដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩នេះ មិនឲ្យមានការរីករាលដាលនៅក្នុងសហគមន៍របស់យើង សូមបងប្អូនប្រជាពលរដ្ឋម្នាក់ៗ ត្រូវរួមសហការគ្នាជាមួយនឹងអាជ្ញាធរ ពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ជាមួយគ្នានេះដែរ លោក ស៊ុត ខុន អភិបាលស្រុក ក៏បានផ្តាំផ្ញើបន្ថែមទៀត ទៅដល់គ្រួសារណា ដែលមានសាច់ញាតិទើបតែវិលត្រឡប់មកពីក្រៅប្រទេស សូមមេត្តាសហការដោយនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ហើយតាមដានពីស្ថានភាពសុខភាពរបស់ខ្លួន ប្រសិនបើមានអាការៈមិនស្រួល ត្រូវប្រញ៉ាប់រាយការណ៍ជាបន្ទាន់ មកកាន់មន្ទីរសុខាភិបាលខេត្តឬមណ្ឌលសុខភាព ឬក៏ខលទៅលេខ១១៥ ដើម្បីឲ្យយើងបានដឹងនឹងត្រៀមទប់ស្កាត់ជាមុន ។

សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋក្រីក្រទាំង៤៥គ្រួសារ ដែលត្រូវទទួលបានអំណោយ ដោយក្នុង១គ្រួសារទទួលបានអង្ករ សម្ភារប្រើប្រាស់ រួមទាំងថវិកា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ