សម្តេចតេជោ ហ៊ុន​ សែន ចូលរួមអបអរសាទរដល់អ្នកជំងឺកូវីដ១៩ ចុងក្រោយ ដែលបានជាសះស្បើយនៅថ្ងៃនេះ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ចូលរួមអបអរសាទរដល់អ្នកជំងឺកូវីដ១៩ ចុងក្រោយ ដែលបានជាសះស្បើយនៅថ្ងៃនេះ។

ក្នុងបណ្តាញសង្គមហ្វេសប៊ុក សម្តេចបានលើកឡើងថា » សូមអបអរសាទរក្មួយស្រីដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី ១៦ ឧសភា នេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ»។

ពិតមែនតែប្រទេសកម្ពុជាពុំមានករណីថ្មីក៏ដោយ សម្តេចតេជោ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ មានអនាម័យជាប់ជាប្រចាំ គឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចឹលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា និងកុំចេញក្រៅផ្ទះបើគ្មានការចាំបាច់អ្វីទេនោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា នៅពេលនេះ ប្រទេសជិតខាង និងពិភពលោកទាំងមូលក៏កំពុងបន្តរាតត្បាតដោយជំងឺកូវីដ-១៩ ដែលជាក្តីបារម្ភដ៏ធំបំផុត ហើយមកទល់ពេលនេះក៏មិនទាន់មានថ្នាំព្យាបាលជំងឺកូវីដ១៩ នៅឡើយដែរ។

ជាមួយគ្នានេះសម្តេច ហ៊ុន សែន ថ្លែងអំណរគុណ ដែលបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងអស់គ្នា៕

ដោយ៖ កន ចំណាន