ឯកឧត្តម សុខ ផេង ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ ជូនចាស់ជរាគ្មានទីពឹង

(ព្រៃវែង)៖ នៅថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះ និងបង្គន់អនាម័យ ចំនួន ៥ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់សង្កសី ជាអំណោយ របស់សាខាខេត្ត ជូនដល់ ចាស់គ្មានទីពឹង ទុរគតជន ជនពិការ និងស្ត្រីមេម៉ាយក្រីក្រ នៅស្រុកកំពង់ត្របែក(ផ្ទះ ២ខ្នង និងបង្គន់ ២) និងស្រុកព្រះស្តេច(ផ្ទះ ៣ខ្នង និងបង្គន់ ៣)។

នាឱកាសនោះ ឯកឧត្តម ឧកញ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការផ្សព្វផ្សាយអំពីគម្រោងស្ការទំនាក់ទំនងគ្រួសារ គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩ (Covid-19) ដែលមានអ្នកចូលរួមសរុប ៩៥នាក់ ស្រី ៧៤នាក់ និងបានបង្ហាញបន្ថែមអំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖ ១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល, ២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ, ៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ, ៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់, ៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ និង៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែមក្នុង ១គ្រួសារ ទទួលបាន៖ អំណោយជា អង្ករ ២៥គ.ក និងអាវ ៥, សម្ភារៈផ្ទះបាយ ១ឈុត សម្ភារៈដំណេក ១ឈុត មី ១កេស ត្រី ខ ១យួរ និងថវិកាចំនួន ១០០,០០០រៀល។

ដោយឡែកគ្រួសារចំនួន ១គ្រួសារ នៅឃុំសេនារាជឧត្តម ស្រុកព្រះស្តេច បានទទួលថវិកាឧបត្ថម្ភពីឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ថវិកាចំនួន ៥០,០០០រៀល និងលោក អ៊ុន សុធា សមាជិកគណៈកម្មាធិការសាខា ថវិកាចំនួន ១០០,០០០រៀល។

សូមបញ្ជាក់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានផ្តល់ផ្ទះចំនួន ១១៦ខ្នង និងបង្គន់អនាម័យចំនួន ១០៥បង្គន់ ដល់គ្រួសារចាស់ជរាគ្មានទីពឹង ទុរគតជន ស្ត្រីមេម៉ាយក្រីក្រ ជនពិការ និងគ្រួសារក្រីក្រ នៅអនុសាខាក្រុង ស្រុកទាំង១៣ ចាប់ពីឆ្នាំ២០១៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ដែលប្រើប្រាស់មូលនិធិសាខាផ្ទាល់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង