ផ្សារលើ​ធំថ្មី​នៃ​ក្រុង​សៀមរាប នឹង​ត្រូវបាន​កែលម្អ​ចំណត​យានយន្ត ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ និង​សោភ័ណភាព​!

(​សៀមរាប​)៖ អាជ្ញាធរ​ខេត្តសៀមរាប សង្ឃឹមថា ការដ្ឋាន​ជួសជុល​កែលម្អ​ចំណត​យានយន្ត​ផ្សារលើ​ធំថ្មី ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​នាពេល​ឆាប់ៗ​ខាងមុខនេះ នឹង​បាន​ក្លាយជា​ចំណែក​នៃ​ដំណោះស្រាយ​ការកកស្ទះ​ចរាចរណ៍ សណ្តាប់ធ្នាប់ និង​សោភ័ណភាព ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​ក្រុង​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​-​អង្គរ​។​

​គម្រោង​ជួសជុល​កែលម្អ​ថ្មី​ឡើងវិញ​ចំណត​យានយន្ត​ផ្សា​លើ​ធំថ្មី​នៃ​ក្រុង​សៀមរាប នឹងត្រូវ​ដំណើរការ​ការដ្ឋាន​នា​ចុង​សប្តាហ៍​ក្រោយនេះ បន្ទាប់ពី​បាន​សិក្សា​រួចរាល់​កាលពី​អំឡុង​ឆ្នាំ​មុននេះ​។ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​នា​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​នេះ ខណៈពេលដែល​សមាសភាព​នៃ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ បាន​ជួប​ជជែក​គ្នា​និង​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ស្តីពី​ការដោះស្រាយ​បញ្ហា​នានា​ដើម្បី​ជម្រុញ​ឲ្យ​ការបើក​ការដ្ឋាន​ដំណើរការ​ទៅបាន​ល្អប្រសើរ ក្នុងនោះ​រួមមាន​ការបញ្ជៀ​សភាព​កកស្ទះ​ចរាចរណ៍ និង​មិន​ឲ្យ​មាន​ផលប៉ះពាល់​ដល់​កិច្ចដំណើរការ​លក់ដូរ​របស់​អាជីវករ​ផងដែរ​។​

​ការដ្ឋាន​នេះ​នឹងត្រូវ​បាន​ប្រើប្រាស់​ថវិកា​រដ្ឋបាលខេត្ត​សៀមរាប ដែលជា​ម្ចាស់​គម្រោង និង​អនុវត្ត​ដោយ​អាជ្ញាធរ​ក្រុង ក្នុងនោះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ជា​សេនាធិការ​លើ​ការងារ​បញ្ចេញ​គំរូ​ប្លង់​មេ​។

​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បានបង្ហាញ​ឲ្យ​ដឹង​អំពី​ការអនុវត្ត​គម្រោង​នេះ​ថា នេះ​គឺជា​ការឆ្លើយតប​ទៅនឹង​ការវិវត្តន៍ នៃ​ក្រុង​ទេសចរណ៍​មួយ​នេះ ដែល​កំពុងមាន​កំណើន​នៃ​ការប្រើប្រាស់​យានយន្ត​យ៉ាង​ឆាប់រហ័ស ដូច្នេះហើយ​ទើប​បញ្ហា​សណ្តា​ប់ធា្ន​ប់​របៀបរៀបរយ​សាធារណ​: របស់​សង្គម ចរាចរណ៍ បរិស្ថាន និង​សោភ័ណភាព ត្រូវបាន​ស្ថិតនៅក្នុង​កម្មវត្ថុ​នៃ​ការអភិវឌ្ឍ​ឱ្យ​ស្របតាម​ការរីកចំរើន​នោះ​។​

​យ៉ាងណាក៏ដោយ ការពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៃ​តំបន់​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​ជួសជុល​កែលម្អ​ចំណត​យានយន្ត​នោះ អាច​នឹង​តម្រូវ​ឲ្យ​មានការ​កែសម្រួល​ខ្លះៗ​នៅលើ​គំរូ​ប្លង់​មេ ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ចំណត​យានយន្ត​អាច​ដំណើរការ​ប្រកបដោយ​បទដ្ឋាន​បច្ចេកទេស​នោះទេ តែ​ផ្លូវភ្លោះ​មុខ​ផ្សា​លើ​ធំថ្មី អាច​នឹងមាន​ភាព​ធំ​ទូលាយ​ជាង​មុន​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​