អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋបន្ត ថែរក្សាសុខភាពការពារជំងឺកូវីដ១៩

(កំពង់ចាម)៖ ប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម និងជាអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំពាវនាវជាថ្មី ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យបន្តធ្វើអនាម័យ ថែរក្សាសុខភាព បង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ បើទោះបីជាពេលនេះស្ថានភាពជំងឺនេះ នៅក្នុងប្រទេសកម្ពុជា មានការថមថយហើយក៏ដោយ ។

ការថ្លែងអំពាវនាវដូច្នេះ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ខណ:ពេលដែល ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត អាជ្ញាធរស្រុកកោះសូទិន និងគណៈអុីម៊ាំស្រុក បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ខែបួសរ៉ម៉ាឌន ជូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន៤៦០ គ្រួសារ នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្វីត្បិតតែ មកដល់បច្ចុប្បន្ននេះ ស្ថាន ភាព នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅកម្ពុជាមានសភាពថមថយបន្តិច និងដោយឡែក នៅក្នុងខេត្តកំពង់ចាម អ្នកជម្ងឺ ចំនួន១៦នាក់ បានជាសះស្បើយ អស់ហើយក្ដី ក៏យើងនៅតែព្រួយបារម្មណ៍ ចំពោះការផ្ទុះឡើងនៃជម្ងឺកូវីដ១៩ ក្នុងរលកទី២ ខណៈដែលជម្ងឺនេះ កំពុងបន្តគម្រាមកំហែងសាជាថ្មី នៅក្នុងប្រទេសមួយចំនួន ក្នុងពិភពលោក។

ដូច្នេះក្នុងនាមប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ និងក្នុងខេត្តកំពង់ចាមទាំងមូល ត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាអង្កការសុខភាពពិភពលោក និងបន្តយកចិត្តថែរក្សាអនាម័យ សម្អាតខ្លួនប្រាណ លាងសម្អាតដៃ ជាប់ជាប្រចាំ និងចេះប្រើប្រាស់ម៉ាស់ ឬក្រម៉ា នៅពេលក្អក ឬកណ្តាស់ និងកាត់បន្ថយការជួបជុំនិងការធ្វើដំណើរទៅតំបន់ផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ១៩ តាមរយៈ ឧគ្ឃោសនស័ព្ទចល័ត តាមទីប្រជុំជនក្នុង ក្រុង-ស្រុក និងអចល័ត នៅតាមសាលាឃុំ-សង្កាត់ ទីវត្តអារាម វិហារសាសនា និងមានផ្សព្វផ្សាយ តាមខ្នងផ្ទះ តាមទីសាធារណៈនានា ផងដែរ ។

សូមបញ្ជាក់ថា ក្នុងពិធីនោះ អាជ្ញាធរខេត្តកំពង់ចាម បានចែកអំណោយ ខែបួសរ៉ម៉ាឌនជូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន៤៦០ គ្រួសារ ដោយក្នុង០១គ្រួសារៗ ទទួលបាន អង្ករ ១០គីឡូក្រាម ស្ករស ០២គីឡូ ទឹកដោះគោ២កំប៉ុង ប្រេងឆា ១លីត្រ និងទឹកសេរ៉ូ ១ដប៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម