ឯកឧត្តម កែវ ពៅ នាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់ព្យុះ

(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃ​ពុធ​ ៧រោច​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤​ ត្រូវនឹងថ្ងៃទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០​ ឯកឧត្ដម កែវ ពៅ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង បានបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ចែកជូនដល់គ្រួសារ ដែលរងការខូចខាតផ្ទះ ដោយសារខ្យល់ព្យុះ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ចំនួន ០២គ្រួសារ ស្ថិតនៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

គ្រួសាររងគ្រោះដោយសារខ្យល់ព្យុះចំនួន ០២គ្រួសារក្នុងនោះមាន៖ ១. លោកយាយ យ៉ង ហៀក អាយុ ៧០ ឆ្នាំ (ជរាទុរគត) រស់នៅក្នុងបន្ទុកមានប្អូនស្រីមេម៉ាយ ០១ នាក់ បានទទួលរងខ្យល់ព្យុះបោកបក់របើកដំបូលស័ង្កសីអស់ (ផ្ទះទំហំ ៥ម៉ែត្រ × ៤ម៉ែត្រ) ក្នុងនោះទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, ឃីត ១, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ៣ ដប, ស្ករ ១ គីឡូក្រាម, សាប៊ូដុសខ្លួន ១ ដុំ ថវិកា ២៦០, ០០០ រៀល។

និង២. លោក យ៉ង ទិត្យ អាយុ ៣៣ ឆ្នាំមុខរបរស៊ីឈ្នួលឃ្វៀលគោឱ្យគេ និងប្រពន្ធឈ្មោះ យុន ស្រេង អាយុ ៣១ ឆ្នាំ ខូចខាតផ្ទះទំហំ ៥ម៉ែត្រ × ៤ម៉ែត្រ ត្រូវខ្យល់បោកបក់របើកដំបូល និងជញ្ជាំង ក្នុងនោះទទួលបានអំណោយ៖ អង្ករ ២៥គីឡូក្រាម, ឃីត ១, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ៣ ដប, ស្ករ ១ គីឡូក្រាម, សាប៊ូដុសខ្លួន ១ ដុំ ថវិកា ៣១០,០០០ ៕