លោកជំទាវ ម៉ែន សំអន បង្ហាញក្តីសោមនស្ស ជាមួយនឹងការស្រាវជ្រាវឃើញចម្លាក់ជាច្រើន នៅប្រាសាទកណ្តាលស្រះស្រង់

(សៀមរាប)៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា អមដំណើរដោយឯកឧត្តម លោកជំទាវក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងលោកជំទាវ បានអញ្ជើញពិនិត្យ និងប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើន នៅការដ្ឋានកំណាយ ស្រាវជ្រាវបុរាណវិទ្យាប្រាសាទកណ្តាលស្រះស្រង់ ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី និងគណ:ប្រតិភូបានពិនិត្យទីតាំងការដ្ឋានកំណាយ និងស្តាប់អ្នកជំនាញប្រចាំការដ្ឋានជួសជុល និងការដ្ឋានកំណាយ បង្ហាញ អំពីដំណើរការរៀបចំការដ្ឋានជួសជុល និងលទ្ធផលដែលប្រទះឃើញក្នុងកំណាយស្រាវជ្រាវរួមមាន រចនាសម្ព័ន្ឋ សំណង់ប្រាសាទ ខ្វាត ( គ្រីស្តាល់ ) ត្រីសូល៍ ចម្លាក់នាគក្បាល៧ និងសត្វអណ្តើក។

ឆ្លៀតឱកាសនោះ លោកជំទាវ ម៉ែន សំអន និងគណ:ប្រតិភូ ក៏បានរៀបចំប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ សូមឱ្យដំណើរការជួសជុលប្រាសាទបានសម្រេចជោគជ័យ ប្រជាជនកម្ពុជាចាកផុតពីជំងឺកាចសាហាវកូវីដ-១៩ ដែលកំពុងរាតត្បាតពិភពលោក និងសូមឱ្យកម្ពុជាសម្បូរសប្បាយ រុងរឿងដូចបុរាណកាល។

លោកជំទាវ  ក៏បានថ្លែងកោតសរសើរចំពោះការប្រឹងប្រែងរបស់ក្រុមការងារអាជ្ញាធរជាតិអប្សរា ដែលបានចំណាយកម្លាំងកាយ ប្រាជ្ញា ស្មារតី លើកស្ទួយអភិរក្សប្រាង្គប្រាសាទខ្មែរឱ្យបានគង់វង្សនិងស្ថិតស្ថេរប្រសើរថែមទៀត ។

ឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវនៅប្រាសាទកណ្តាលស្រះស្រង់ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់) និងត្រីសូល៍។ ក្នុងនោះ ក្រុមការងារក៏បានរកឃើញរចនាសម្ព័ន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ។ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារ បានប្រទះឃើញចម្លាក់អណ្តើកចំនួន១ ។ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០។

ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។ នៅជិតក្បាលចម្លាក់អណ្តើក ក្រុមការងារក៏បានប្រទះឃើញគ្រាប់ ខ្វាតព៌ណស(គ្រីស្តាល់) បង្កប់ក្នុងដីនៅទីនោះដែរ។

ឯកឧត្តម គឹម សុធិន បញ្ជាក់ថា គ្រាប់ខ្វាតព៌ណស(គ្រីស្តាល់)នេះ ត្រូវបានមជ្ឍដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រឬជារបស់មានតម្លៃផ្សេង ប៉ុន្តែគ្រាប់ខ្វាតព៌ណស(គ្រីស្តាល់?)នេះ គឺត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។

ឯកឧត្តម បានពន្យល់ផងដែរថា ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។ បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប