អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​សំណេះសំណាល នាំយក​ស្បៀងអាហារ ម៉ាស់ អាកុល និង​ថវិការ សាខា​កាកបាទក្រហម​ខេត្ត ចែកជូន​ពលរដ្ឋ​ក្រីក្រ​៥០​គ្រួសារ ផ្តល់ជូន​អនុសាខា​កាកបាទក្រហម​ស្រុក​តំបែរ និង​ពលករ​កំពុង​ធ្វើ​ច​តា​លី​ស័ក

(​ត្បូងឃ្មុំ​)៖ នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក​ជម​ទាវ និង​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួមទាំង​សហការី អញ្ជើញ​ចុះ​សំណេះសំណាល និង​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត ទៅ​ចែកជូន​ជន​ងាយ​រងគ្រោះ មាន​ជីវភាព​ក្រីក្រ​លំបាក ចាស់ជរា និង​ជនពិការ ចំនួន​៥០​គ្រួសារ ក្នុងស្រុក​តំបែរ ក្នុងនោះ​៣០​គ្រួសារ​នៅ​ឃុំ​ត្រពាំង​ព្រីង ២០​គ្រួសារ​នៅ​ឃុំ​សេ​ដារ ដោយ​ធ្វើឡើង​នៅ​បរិវេណ​វត្ត​ជី​ទ្រុ​ន ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​ឳ​កាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​ដោយ​ក្តី​នឹករលឹក​ពីមុខ​ថ្នាក់ដឹកនាំ​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​ប្រជាពលរដ្ឋ​ទាំង​៥០​គ្រួសារ ដែលជា​និច្ច​ជា​កាល​សម្ដេច​ទាំង​ទ្វេរ តែងតែ​មានការ​នឹករឭក​បារម្ភ​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​

​ឯកឧត្តម​បណ្ឌិត ក៍បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន នៅក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន ត្រូវ​រក្សា​អនាម័យ​ជាប់​ជានិច្ច មិនត្រូវ​ជួបជុំ​ឬ​ប្រមូល​ផ្តុំគ្នា​ក្នុងអំឡុង​ពេលនេះ​នោះទេ មិនត្រូវ​ចេញទៅ​ក្រៅ​បើ​មិនមាន​ការចាំបាច់​ខ្លាំង បន្ត​នៅផ្ទះ​រៀងៗ​ខ្លួន ដោយ​អនុវត្តតាម​វិធានការ​កា​ពារ​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន ក្រសួងសុខាភិបាល​កម្ពុ​ជា និង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ចម្លង​បន្ត​នៃ​ជំងឺ​កូ​វីត​-១៩ ព្រោះថា​ជម្ងឺ​នេះ​វា​អាច​ឆ្លង​យ៉ាង​លឿន​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត និង​អាចអោយ​យើង​ស្លាប់​បាន​។​

​សូម​បញ្ជាក់ដែរថា អំណោយ​ដែល​ត្រូវបាន​ចែកជូន​ជន​ងាយ​រងគ្រោះ​ទាំង​៥០​គ្រួសារ​នោះ ក្នុង​មួយ​គ្រួសារៗ​
​ទទួលបាន​អង្ករ​២៥​គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប្រេងឆា ម៉ាស់ អាកុល និង​ថវិការ​ចំនួន​២​ម៉ឺន​រៀល​។​

​បន្ទាប់មក ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ និង​លោកជំទាវ និង​ឯកឧត្តម ស៊ា​ក ឡេង រួមទាំង​សហការី បាន​បន្ត​នាំយក​ស្បៀងអាហារ​មួយចំនួនធំ ព្រមទាំង​ម៉ាស់ អាកុល និង​ថវិការ ទៅ​ផ្តល់ជូន​អនុសាខា​កាកបាទក្រហម​ស្រុក​តំបែរ នៅ​សាលាស្រុក​តំបែរ ដើម្បី​ចែក​បន្ត​ជូន​ពលរដ្ឋ​ដែល​ត្រូវការ​ជា​ចាំបាច់​ដល់​ខ្នង​ផ្ទះ​។​

​បន្ទាប់មកទៀត​បា​នប​ន្ត​ដំណើរ​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ច​តា​លី​ស័ក ដោយ​សំណេះសំណាល និង​ផ្តល់ជូន​គ្រឿងឧបភោគ​បរិភោគ ម៉ាស់ អាកុល និង​ថវិការ ដល់​ពលករ​ដែល​ទើប​មកពី​ប្រទេស​ថៃ​ចំនួន​១១​នាក់ កំពុង​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈ​១៤​ថ្ងៃ នៅ​ចំនួន​២​ទីតាំង គឺ​នៅ​សាលាបឋមសិក្សា​តំបែរ ក្នុង​ឃុំ​តំបែរ និង​នៅ​វិទ្យាល័យ​ហ៊ុនសែន​ចារ​ថ្មី ក្នុង​ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​៕ (​ដោយ​៖​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​