ក្នុងការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មី ស្តីពី​ច្បា​បើ​ចរាចរណ៍​ផ្លូវគោក រយ​:​ពេល​ជិត ២​សប្តាហ៍​ដំបូង មាន​បទល្មើស​ជាង ៦០០​ករណី​ក្នុង​ខេត្តសៀមរាប !

(​សៀមរាប​)៖ លោក​វរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែឧសភា​នេះ​ថា សកម្ម​ក្នុងការ​រឹតបន្តឹង​ការអនុវត្តន៍​អនុក្រឹត្យ​ថ្មី ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ប្រព្រឹត្តិ​ទៅ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការលើកលែង និង​មាន​សីលធម៌ វិជ្ជាជីវៈ ព្រមទាំង​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់ និង​ម៉ឺងម៉ាត់ ។ លោក​បាន​បន្តថា នៅក្នុង​រយៈពេល​ជិត​២​សប្តាហ៍​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត ឃាត់​រថយន្ត និង​ម៉ូតូ ឥតមាន​ស្លាក​លេខ​ចំនួន ១៣៣​គ្រឿង​, ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ចំនួន​៥៩០ ករណី និង បើកបរ​ក្នុង​ភាពស្រវឹង ១​ករណី​ផងដែរ ។ លោក​វរសេនីយ៍ឯក បាន​អះអាងថា រហូតមកដល់​ថ្ងៃទី​១១ ខែឧសភា​នេះ ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប មានការ​គោរព​ច្បាប់​ច្រើនជាង​មុន ដោយ​មានការ​ពាក់មួក​សុវត្ថិភាព​ប្រមាណ​៩៨% ។

​​តាម​ការបញ្ជាក់​របស់​លោក សិ​ដ្ឋ ពិសី ប្រធាន​សាខា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅពេលដែល រឹតបន្តឹង​ក្នុងការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មី ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក បានធ្វើ​ឲ្យ​បងប្អូន​អ្នកប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ បាន​ចូលមក​ធ្វើ​ឆៀករថយន្ត​របស់ខ្លួន មានការ​ទ្វេរ​ឡើង ជា​រៀងរាល់ថ្ងៃ ប្រមាណ​ជាង​៣​ពាន់​គ្រឿង ដែល​មកពី​បណ្តា​ខេត្ត​ក្នុង​ភូមិភាគ​ទី​៤ ហើយ​ក្នុង​មួយថ្ងៃ​ក្រុមការងារ​ធ្វើការ​ឆៀក​បាន​ប្រមាណ​ជាង​២០០​គ្រឿង ហើយ​មុខការ​អនុវត្ត​ច្បាប់ រថយន្ត​ដែល​ចូលមក​ធ្វើ​ឆៀក​មាន​ប្រមាណ​ពី ៩០​ទៅ​១០០ គ្រឿង​តែប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ។

​តាម​ការបញ្ជាក់​របស់​លោក ប៉ែន សូ​នី ប្រធានការិយាល័យ​ដឹកជញ្ជូន នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត និង ជា​ប្រធាន​គណៈកម្មការ​ប្រឡង​យក​ប័ណ្ណបើកបរ​យានយន្ត​នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចាប់ពី​រាជរដ្ឋាភិបាល បានធ្វើការ​រឹតបន្តឹង​ក្នុងការ​អនុវត្តន៍​អនុក្រឹត្យ​ថ្មី ឃើញថា​មាន​បងប្អូន​ជា​អ្នកប្រើប្រាស់​យាន យន្ត​គ្រប់​ប្រភេទ បាន​ចូលមក​ទទួល​សេវា​ធ្វើ​ការប្រឡង​យក​ប័ណ្ណបើកបរ ទៅតាម​ប្រភេទ​រថយន្ត​មានការ​កើនឡើង ជាង​ពី​ពេលមុន​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ។ លោក​បាន​បន្តទៀតថា ក្នុង​រយៈពេល​២​សប្តាហ៍​មកនេះ បងប្អូន​ដែល​ចូលមក ទទួល​សេវា​ផ្នែក​ប័ណ្ណបើកបរ​យានយន្ត​គ្រប់​ប្រភេទ ប្រមាណ​ជាង​២​ពាន់​នាក់ ។ ក្នុងការ​ប្រឡង​យក​ប័ណ្ណបើកបរ​នេះ ភាគច្រើន​បងប្អូន​អ្នកប្រើប្រាស់​ម៉ូតូ​ដែលមាន​កម្លាំង​លើសពី​១២៥​សេ​សេ និង អ្នកបើក​រ៉ឺម៉ក់​កង់​បី អ្នកប្រើប្រាស់​រថយន្ត​ប្រភេទ (​ខ​)​រថយន្ត​ទេ​ចរណ៍ ហើយ​រថយន្ត​ប្រភេទ​ធំៗ មាន​ចំនួន​តិច ។

​លោក ខៀវ ប្រសើរ អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត បាន​ឲ្យ​ដឹងផង​ដែរ​ថា ចំពោះ​សកម្មភាព​ក្នុងការ​ចុះបញ្ជី​យានយន្ត និង ផ្តល់​ប័ណ្ណបើកបរ​យានយន្ត​ផ្លូវគោក ចាប់ពី​ថ្ងៃទី​០១​ឧសភា ដល់​ថ្ងៃទី​១១ ឧសភា​នេះ បាន​អនុវត្ត​ចុះបញ្ជី​ម៉ូតូ​ថ្មី បាន​២៥៩​គ្រឿង ចុះបញ្ជី​រថយន្ត​ថ្មី ៩៥​គ្រឿង , ផ្នែក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​)​សរុប ៣,១៥០​គ្រឿង ក្នុងនោះ​: រថយន្ត​ធ្វើ​អាជីវកម្ម ៦៨៨​គ្រឿង , ប្រឡង​បើកបរ​រថយន្ត​ធំ មាន ចំនួន​៩៥៤​នាក់ , ប្រឡង​បើកបរ​រថយន្ត​តូច ១,៨១០​នាក់ ,​ប្រឡង​យក​ប័ណ្ណបើកបរ​ម៉ូតូ ៤៧៣​នាក់ , ប្តូរ​ប័ណ្ណបើកបរ ៧០០ ប័ណ្ណ ,​ទុតិយតា​ប័ណ្ណបើកបរ ១២៩​ប័ណ្ណ ,​ទុតិយតា​ប័ណ្ណ​.​ផ្លាក​ម៉ូតូ ១២ , ផ្ទេរ​ប័ណ្ណ​.​ផ្លាក​ម៉ូតូ ០៤​គ្រឿង ,​ប្តូរ​ប័ណ្ណ​.​ផ្លាក​ម៉ូតូ ៣​គ្រឿង ទុតិយតា​ប័ណ្ណ​.​ផ្លាក​រថយន្ត​ចំនួន​១៣​ប័ណ្ណ , ផ្ទេរ​ប័ណ្ណ​.​ផ្លាក​រថយន្ត ២៦​គ្រឿង និង ប្តូរ​ប័ណ្ណ​.​ផ្លាក​រថយន្ត ចំនួន​០៣​គ្រឿង​ផងដែរ​៕ (ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប)