អំណោយជាថាសតេជោធីវី និងទូរទស្សន៍៣២អ៉ីញ ចំនួ ១១ឈុត ត្រូវបានអភិបាលខេត្តរតនគិរីប្រគល់ជូននាយកសាលាមកពីស្រុកចំនួន៦

(រតនគិរី)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជាថាសតេជោធីវី ចំនួន១១គ្រឿង និងទូរទស្សន៍៣២អ៉ីញ ចំនួន១១គ្រឿង (១១ឈុត)  ជូនដល់តំណាងសាលាមកពីស្រុកចំនួន០៦ (បរកែវ, វ៉ើនសៃ, អូរយ៉ាដាវ, អណ្តូងមាស, តាវែង, លំផាត់) ដែលពិធីនេះប្រព្រឹត្តិទៅនៅសាលា បឋមសិក្សាលើឃួន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។

អំណោយជាថាសតេជោធីវី និងទូរទស្សន៍ ៣២អ៉ីញខាងលើបានមកពីសម្បុរសជននានា ក៏ដូចជាមន្រ្តីរាជការជុំវិញខេត្ត ក្រោមគំនិតផ្តួចផ្តើមកៀរគរពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក្នុងគោលបំណងសម្រួលដល់ការលំបាករបស់សិស្សានុសិស្សនៅតាមស្រុកដែលគ្មានលទ្ធភាពក្នុងការទស្សនាកម្មវិធីសិក្សាពីចម្ងាយរបស់ក្រសួងអប់រំតាមរយៈទូរទស្សន៍ ក៏ដូចជាការសិក្សាតាមអនឡាញ ក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអោយដឹងថា ការចែកជូនអំណោយ ក្នុងដំណាក់កាលទី១នេះ គឺឆ្លើយតប នឹងតម្រូវការ ចាំបាច់របស់នាយកសាលាមកពីស្រុកចំនួន០៦ ស្មើនឹង១១ឈុត ហើយតាមផែនការគ្រោងទុកគឺត្រូវការសរុបចំនួន៤១ឈុត តាមការស្នើសុំរបស់នាយកសាលានានាទូទាំងខេត្តរតនគិរី។

លោក កុល ផាន់ណា ប្រធានមន្ទីរព័ត៌មានខេត្តបានរាយការណ៍ជូនអង្គពិធីពាក់ព័ន្ធនឹងថវិកាដែលទទួល បានពីសប្បុរសជននានារហូតមកដល់ពេលនេះសរុបមានចំនួន៣៣៥៩ដុល្លារ ស្មើនឹងចំនួន១៤ឈុត ដែលនៅខ្វះចំនួន២៧ឈុតទៀត ដើម្បីបំពេញតាមការស្នើសុំសរុប។ លោកបាន បន្តទៀតថា មន្ទីរព័ត៌មានក៏បានធ្វើការផ្សាយបន្តផ្ទាល់ពីទទក២ លើផេកទូរទស្សន៍ខេត្តរតនគិរី Channel 2 នូវកម្មវិធីសិក្សាពីចម្ងាយរបស់ក្រសួងអប់រំ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១២យប់ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ។ ជាពិសេសមានការផ្សព្វផ្សាយតាមរយៈវិទ្យុខេត្ត FM89.5MHz នូវកម្មវិធីពហុភាសា គ្រឹង និងទំពួន រៀងរាល់ច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៥~៦ល្ងាច និងម៉ោង៧~៨យប់ ផងដែរ។

ជាទីបញ្ចប់ឯកឧត្តម ថង សាវុន បានថ្លែងអំណរគុណដល់សម្បុរសនានាដែលបានចូលរួមឧត្ថម្ភ ដើម្បីរួមចំណែកក្នុងការគាំទ្រវិស័យអប់រំក្នុងកាលៈទេសៈដែល ពិភពលោកកំពុងប្រឈមនឹងការរាតត្បាតនៃមេរោគដ៏កាចសាហាវកូវីដ១៩នេះ។ ឯកឧត្តមក៏អំពាវនាវដល់សម្បុរសជនដ៏ទៃទៀតបន្តជួយឧត្ថម្ភ ហើយសំណូមពរដល់ប្អូនៗកូនក្មួយជាសិស្សានុសិស្សខិតខំសិក្សាដោយយកចិត្តទុកដាក់ទោះមិនមានគ្រូបង្រៀនផ្ទាល់ក៏ដោយ។
ឯកឧត្តមបានអញ្ជើញពិនិត្យផ្ទាល់នូវបន្ទប់សិក្សានៃសាលាបឋមសិក្សាលើឃួន ដែលទើបតម្លើងថ្មីៗនូវថាសតេជោធីវី និងទូរទស្សន៍៣២អ៉ីញជូនដល់សិស្សានុសិស្សដែលបានកំណត់ត្រឹម១០នាក់ប៉ុណ្ណោះក្នុងបន្ទប់សិក្សា ហើយ ក្នុងមួយមុខវិជ្ជា រយៈពេលមួយម៉ោង តាមកាលវិភាគដែលលោកគ្រូ អ្នកគ្រូជាអ្នក រៀបចំ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី