ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ ដើម្បីពិនិត្យ ពិភាក្សា អនុម័ត កែលម្អរបាយការណ៍ ជំរុញលទ្ធផលការងារកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់

(ត្បូងឃ្មុំ)៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំដ៍មានសារៈសំខាន់នេះធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត សាលាដំបូងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន០៤ ត្រូវបានលើកឡើង រួមមាន៖ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។

៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និង៤.បញ្ហាផ្សេងៗ។

បន្ទាប់ពីការអានសេចក្តីព្រាងរបាយការណ៍ទាំង៣ខាងលើ ដោយដាក់ឲ្យអង្គប្រជុំពិនិត្យ ពិភាក្សារួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយការលើកដៃយល់ព្រម ២៥លើ២៥សម្លេង។

ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។ 

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ក៍បានស្នើរឲ្យរៀបចំឲ្យបានត្រឹមត្រូវនូវប្រតិទិនប្រជុំ ឲ្យស្របទៅនឹងការបូកសរុបរបាយការណ៍ទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ដើម្បីធ្វើយ៉ាងណាផ្តល់លក្ខណៈងាយស្រួលនៃការរៀបចំតាក់តែងឯកសារបានលឿន និងកាន់តែល្អបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ បន្ទាប់ពីទទួលបាននូវការលើកឡើងក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៍ដូចជាសំណើរផ្សេងៗ គឺត្រូវចុះទៅពិនិត្យ និងរាយការណ៍ជូនឯកឧត្តម យ៉ាងយូរត្រឹម១សប្តាហ៍ ដើម្បីស្វែងរកដំណោះស្រាយបានទាន់ពេលវេលា ក៍ដូចជាសម្រាប់ឆ្លើយតបជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត នាកិច្ចប្រជុំបន្ទាប់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ