អាជ្ញាធរខេត្តតាកែវជំរុញឲ្យលោកមេភូមិ មេឃុំត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយ រុះរើជាបន្ទាន់នូវសំណង់ដែលប៉ះពាល់ដល់ការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវលេខ២២

(តាកែវ)៖ អភិបាលរងខេត្តតាកែវ លោក ខាន់ សុខាបានធ្វើការណែនាំនិងជំរុញដល់អាជ្ញាធរ មូលដ្ឋានមាន មេភូមិ មេឃុំ ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មានលំនៅដ្ឋានជាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ២ និងលេខ២២ក្នុងខេត្តតាកែវ អោយគាត់រុះរើជាបន្ទាន់នូវសំណង់ដែលប៉ះពាល់ដល់ការសាងសង់ផ្លូវ និងពង្រីកផ្លូវនេះ។

ថ្លែងនៅក្នុងឱកាសអញ្ជើញបើកិច្ចប្រជុំ ស្ដីពីការធ្វើអោយប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ស្ថិតក្នុងខេត្តតាកែវដែលឆ្លងកាត់ស្រុក០៤ គឺស្រុកបាទី ស្រុកសំរោង ក្រុងដូនកែវ និងស្រុកត្រាំកក់ នៅព្រឹកថ្ងៃ អង្គារ៍ ទី ១២ ខែ ឧសភា ឆ្នាំ ២០២០នេះ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវបានមានប្រសាសន៍ថា គម្រោងនៃការពង្រីកផ្លូវជាតិលេខ២និងផ្លូវលេខ២២នេះគឺស្ថិតក្រោមជំនួយហិរញ្ញបទានរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងដែលចំណាយអស់ទឹកប្រាក់ជាង៥០លានដុល្លា ហើយមានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត ដោយគិតចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលអូចំបក់ ខេត្តតាកែវ និងកំណាត់ផ្លូវជាតិលេខ ២២មានប្រវែងសរុបចំនួន៩,៦១គីឡូម៉ែត គិតចាប់ពីរង្វង់មូលអូចំបក់ ដល់អង្គតាសោម ផ្លូវជាតិលេខ៣ ។

លោកអភិបាលរងខេត្តតាកែវ បានមានប្រសាសន៍បន្តថា ទន្ទឹមនិងគម្រោងនៃការពង្រីកផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះក៏សូមអាជ្ញាធរភូមិឃុំ ជាពិសេសលោកមេឃុំនិងអាជ្ញាធរស្រុកត្រូវពិនិត្យមើលសំណង់លំនៅដ្ឋានណាដែល ប៉ះពាល់ដល់ការពង្រីកផ្លូវត្រូវធ្វើការផ្សព្វផ្សាយដល់ពួកគាត់អោយគាត់បានដឹងផលប្រយោជន៍នៃការសាងសង់ផ្លូវ និងអោយគាត់រុះរើរជាបន្ទាន់នូវសំណង់ដែលប៉ះពាល់ទាំងអស់នោះ ជៀសវាងបង្កជាបញ្ហាដែលនាំឲ្យមានការយឺតយ៉ាវដល់ដំណើរការសាងសង់ផ្លូចជាតិនេះ។

លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍បន្ថែមទៀតថា មុននិងមានការរុះរើរសំណង់ឬលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ខាងអាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរខេត្តត្រូវចុះពន្យល់ពួកគាត់ពីសារៈសំខាន់នៃការកសាងផ្លូវជាតិនេះហើយត្រូវធ្វើការទូទាត់សំណងជូនពួកគាត់អោយរួចរាល់ ដើម្បីកាត់បន្ថយការខាតបង់របស់បងប្អូនប្រជាពលរដ្ឋផងដែរដែលមានផ្ទះសម្បែងឬសំណង់ផ្សេងៗនៅលើសងខាងផ្លូវនេះ៕