សម្តេចតេជោ ហ៊ុន​ សែន នៅតែអំពាវនាវដល់ជនរួមជាតិ បន្តយកចិត្តទុកដាក់ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក បានអំពាវនាវដល់ជនរួមជាតិ បន្តយកចិត្តទុកដាក់ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល បើទោះបីជាប្រទេសកម្ពុជា មានអ្នកជាសះស្បើយច្រើនយ៉ាងណាក៏ដោយ។

សម្តចតេជោ បានលើកឡើងថា ចំពោះនៅប្រទេសកម្ពុជាយើងវិញ​ ទោះបីចំនួនអ្នក ដែលបានព្យាបាលជាសះស្បើយបានច្រើន​ ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាព​ជាប្រចាំដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងសាប៊ូ​ ឬទឹកអាល់កុល​ ឬចឹលសម្លាប់មេរោគ​ នឹងត្រូវពាក់ម៉ាសឬក្រម៉ាកុំអោយឆ្លងរោគពីយើងទៅគេ​ និងពីគេមកយើង​ ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។

ជាមួយគ្នានោះ សម្តេច បានអំពាវនាវ ដល់បងប្អូនជនរួមជាតិ ត្រូវបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងពិភពលោកគឺបានកើនជាង៤លាននាក់ ដោយនេះគឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល៕ដោយ៖កន ចំណាន