លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិក​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

(​សៀមរាប​)៖ សាខា​កាកបាទក្រហម​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ១១ ខែឧសភា ឆ្នាំ​២០២០ នៅ​បរិវេណ​សាលាឃុំ​ដូន​ពេ​ង លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិក​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​៣០​គ្រួសារ ក្នុងស្រុក​អង្គរជុំ ក្នុងនោះ​ប្រជាពលរដ្ឋ​រងគ្រោះ​មកពី​ឃុំ​ដូន​ពេ​ង​ចំនួន ២៩​គ្រួសារ (​រលំ​៤​ខ្នង របើក​ដំបូល​២៥​ខ្នង​) និង​ឃុំ​គោល ១​គ្រួសារ (​របើក​ដំបូល​)​។​

​មានប្រសាសន៍​នាឱកាស​នោះ លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហម​ខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ លោក​ក៏បាន​សំដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការខូចខាត​ផ្ទះសំបែង ទ្រព្យសម្បត្តិ​ដែល​នេះ​ជា​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ គ្មាន​នរណាម្នាក់​ចង់​ជួបប្រទះ​ឡើយ លោក​បន្តថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​តិចតួច មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាចជួយ​សម្រាលទុក្ខ​បា​កបាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” និង “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​” ។​

​ក្នុងឱកាស​នេះដែរ​លោក​ក្រុស សារ៉ាត់ ក៏បាន​អំពាវនាវ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​ចេះ​ការពារ​ខ្លួន​ពី​ជំងឺ​ប្រភេទ​ថ្មី (COVID-19) ដោយ​មេត្តា​កុំ​មានការ​ប្រមូលផ្ដុំ​ជួបជុំ​ជា​ក្រុម និង​ត្រូវ​អនុវត្តន៍​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​វិធាន​នានា​របស់​ក្រសួង​សុខ​ភិ​បាល​។ សូម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ខិត្តប័ណ្ណ​ស្ដីពី “​របៀប​លាង​សម្អាត​ដៃ​ជាមួយ​ទឹក និង​សាប៊ូ ដើម្បី​បង្ការ ជំងឺ​កូ​វីដ​១៩” និង “​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង ជំងឺ​កូ​វីដ​១៩” ។​

​អំណោយ​មនុស្សធម៌​ដែល​បានផ្ដល់​ជូន​មាន​៖
– គ្រួសារ​រលំ​ផ្ទះ ៖ មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ អាវយឺត​២ ស័ង្កសី​១៦​សន្លឹក មី​១​កេស ត្រីខ​១​យួរ អង្ករ​៣០​គីឡូក្រាម និង​ថវិកា​២​សែន​រៀល​។​
– គ្រួសារ​របើក​ដំបូលផ្ទះ ៖ មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ អាវយឺត​២ ស័ង្កសី ១០​សន្លឹក មី​១​កេស ត្រីខ​១​យួរ អង្ករ​៣០​គីឡូក្រាម និង​ថវិកា​១​សែន​រៀល ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​