រដ្ឋបាលខេត្ត ត្បូងឃ្មុំ ធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ កូវីដ-១៩ នៅតាមផ្សារ និងវិហារឥស្លាម

(ភ្នំពេញ)៖ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារសហការ ជាមួយអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋ ប្រជាមានិតចិន ចុះធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅក្នុងបរិវេណបេនឡានផ្សារសួងនៅក្រុងសួង និងនៅផ្សារស្ទឹង ព្រមទាំងវិហារឥស្លាមក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កេង ប៊ុនណា បានមានប្រសាសន៏ថា យុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ គឺដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីត-១៩ ។

ឯកឧត្តម កេង ប៊ុនណា  បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាបន្តការធ្វើអនាម័យ ពិសេស ការលាងសម្អាតដៃនឹងសាប៊ូ ឫអាល់កុលជាដើម ឱ្យបានជាប្រចាំដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩។

ជាពិសេសបងប្អូនពលរដ្ឋ ដែលជាអាជីវករលក់ដូរនៅផ្សារទាំង២ខាងលើ សូមចូលរួមសហការដោយត្រូវផ្អាក ការ លក់ដូរទំនិញមួយ ពេលដើម្បីឱ្យមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអង្គការសង្គ្រោះមេឃពណ៌ ខៀវ និងអង្គការវេទិកាសម្ព័ន្ធសង្គមស៊ីវិល អង្គភាពកងពល៧១១ បានចុះជួយបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅ ក្នុងផ្សារ មុខផ្សារ តាមតូបលក់ដូរពិសេសកន្លែង ដែលមានដីសើមមានក្លិនស្អុយក្នុងផ្សារ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ