រដ្ឋបាលស្រុកសាមគ្គីមានជ័យ រៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពេីល្មេីសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់ឃុំចំនួន ០២

(កំពង់ឆ្នាំង)​៖ ព្រឹកថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលស្រុកសាមគ្គីមានជ័យ ដោយមានកិច្ចសហការណ៍ជាមួយមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពេីល្មេីសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់ឃុំចំនួន ០២ គឺៈ ឃុំត្បែងខ្ពស់ និងឃុំធ្លកវៀន ក្នុងស្រុកសាគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​។

ពិធីប្រារព្ធនៅសាលាឃុំត្បែងខ្ពស់ ស្ថិតក្រោមអធិបតីភាព លោក វន ស៊ីផា អភិបាលស្រុក ក្រុមប្រឹក្សាឃុំ កម្លាំងអធិការនគរបាលស្រុក រួមជាមួយក្រុមការងារខេត្ត ស្រុក ឃុំ ភូមិ។ និងនៅសាលាឃុំធ្លកវៀន ស្ថិតក្រោមអធិបតីភាព លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក លោក លី សុភា មន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ខេត្តកំពង់ឆ្នាំង អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ កម្លាំងអធិការនគរបាលស្រុក រួមជាមួយ ក្រុមការងារខេត្ត ស្រុក ឃុំ ភូមិ ដែលមានប្រជាពលរដ្ឋមកពីឃុំទាំងពីរចូលរួមផងដែរ។

ពិធីផ្សព្វផ្សាយអនុក្រឹត្យថ្មីនេះរៀបចំក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនដល់ក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិ ដេីម្បីបង្កេីនការយល់ដឹងសម្រាប់ថ្នាក់ដឹកនាំឃុំ ភូមិ យកទៅផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យគាត់បានយល់ដឹងកាន់តែច្បាស់ក្នុងការចូលរួមអនុវត្តច្បាប់ចររាចរណ៍ទាំងអស់គ្នា ជៀសវាងការផាកពិន័យ ៕