ឯកឧត្តម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូន២០០គ្រួសារ និងផ្លែល្មើ ជាង១០តោនជូនសាសនិកឥស្លាម៦ខេត្ត សម្រាប់ពិធីបួសរ៉ាម៉ាឌន

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានពាំនាំអំណោយដំណាប់ល្មើ ជាង១០តោន ដើម្បីផ្តល់ជូនបងប្អូនសាសនិកឥស្លាម តាមភូមិនានាក្នុងខេត្តចំនួន៦ រួមមានកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ។ អំណោយនេះមានសរុប ២៨តោន ជាអំណោយមកពីសប្បុរសជន អារ៉ាប់រួមអេមីរ៉េត សម្រាប់ចែកចាយទៅកាន់គោលដៅខេត្តក្រុងមួយចំនួនទូទាំងប្រទេស។

ជាមួយគ្នានេះ ក៏មានអំណោយបានមកពីសប្បុរសជនម៉ាឡេស៊ី ក្រុមហ៊ុន រ៉ាហ្វូលីន ហូលឌីង តាមរយៈអង្គការមូលនិធិអភិឌ្ឍន៍មុស្លិមកម្ពុជាចែកជូនប្រជាពលរដ្ឋ ភូមិរការ ឃុំសំបូរមាស ក្រុងកំពង់ចាម ចំនួន ១០០គ្រួសារ និងប្រជាពលរដ្ឋភូមិស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន១០០គ្រួសារផងដែរ ក្នុងមួយគ្រូសារទទួលបាន អង្ករ១០គីឡូ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជា ស្ករសរ ត្រីខ ទឹកដោះគោ ប្រេងឆា អំបិលជាដើម។

នៅក្នុងពិធីសំណេះសំណាល ឯកឧត្តម ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ចំនួនខាងលើ មិនអាចធ្វើការចែកចាយទូទាំងប្រទេសទាំងអស់ទេ តែបានដោះស្រាយទៅកាន់តំបន់ដែលខ្វះខាតជាក់ស្តែង។

ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានរំលឹកផងដែរថា ការស្លៀកពាក់ស្បៃបិទជិតទាំងក្បាល និងមុខ ត្បិតមានពលរដ្ឋខ្លះនៅប្រទេសឥស្លាមក្នុងតំបន់មួយចំនួន ជាពិសេសនៅមជ្ឈឹមបូព៌ា ដែលអនុវត្តយកការគ្របមុខសម្រាប់ស្រ្តី ពេលចេញទៅតំបន់សាធារណៈនោះ គ្រាន់តែជាការយល់ឃើញមួយជ្រុងជាមួយនឹងប្រពៃណីរបស់ពួកគាត់ ស្របតាមស្ថានភាពនៅប្រទេសគាត់តែប៉ុណ្ណោះ ដែលមិនមែនជាកាតព្វកិច្ចនៃច្បាប់ឥស្លាមនោះទេ។

ស្ថានភាពនៅកម្ពុជាយើងពីដើមមកពុំមានឡើយការស្លៀកពាក់បែបនេះ ទាំងក្របខណ្ឌប្រពៃណី រឺក្របខណ្ឌសាសនាឥស្លាម គ្រាន់តែទើបបច្ចុប្បន្នយើងឃើញថាមានមួយចំនួនតូច បានយកការអនុវត្តប្រពៃណីនេះ ហើយយល់ឃើញថា ជាកាតព្វកិច្ចក្នុងច្បាប់ឥស្លាម តែតាមពិតស្រ្តីឥស្លាម គេអនុញ្ញាតអោយបើកទម្រង់មុខ និងប្រអប់ដៃ ដោយមិនមានបញ្ហាអ្វីឡើយ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ