មន្ត្រី​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ស្រុក​អង្គរធំ និង​សមាគម​ក្រុមប្រឹក្សា​សុខភាព​ប្រជាជន ចុះ​ផ្សព្វផ្សាយ​វិធានការ ពង្រឹងស្មារតី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ បន្ត​ប្រយុទ្ធប្រឆាំង​ការចម្លង​ជម្ងឺ​គូ​វិត​-១៩ នៅ​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប​

(​សៀមរាប​)៖ បើទោះជា​នៅក្នុង​ប្រទេស​កម្ពុជា រលក​ទី​១ នៃ​ការចម្លង​វីរុស​កូ​វីត​-១៩ ត្រូវបាន​កន្លងផុត​យ៉ាងណាក៏ដោយ ការពង្រឹង​ស្ថានភាព​គ្រប់គ្រង​រលក​ទី​២​នៃ​វិបត្តិ​កូ​វីត​-១៩ នៅក្នុង​សហគមន៍ ត្រូវបាន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​បន្ត​ការអំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គ្រប់ៗ​គ្នា អនុវត្តតាម​ការណែនាំ និង​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​សុខា​បាល​។

ឆ្លើយតប​ទៅនឹង​បញ្ហា​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០​នេះ​ក្រម​ការងារ និង​មានការ​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ពាក់​ស្នែង បាន​ចុះទៅ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​នានា ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​មូលដ្ឋាន​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ប្រមាណ​ជិត​៦០០​នាក់ ដើម្បី​ឲ្យ​យល់​អំពី​ទប់ស្កាត់ ការនាំ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នោះ ។ ក៏​ជាការ​កត់សំគាល់ សមាជិក​នៃ​អ្នកចូលរួម​ក្នុង​កម្មវិធី​នោះ ត្រូវបាន​អនុវត្តតាម​លក្ខខណ្ឌ​នៃ​ការរក្សា​គម្លាត​សុវត្ថិភាព និង​មាន​ពាក់​ម៉ាស​ការពារ​សុខភាព​គ្រប់ៗ​គ្នា​ផងដែរ ។

ឯកឧត្តម ផៃ សុខ​ខេង អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​អង្គរធំ និង​ជា​ប្រធាន​ក្រុមការងារ​ប្រចាំ​ឃុំ​ពាក់​ស្នែង មានប្រសាសន៍ថា​៖ ប្រទេស​កម្ពុជា គ្រប់គ្រង​ស្ថាន​ការ​បាន​យ៉ាង​ល្អប្រសើរ​បញ្ហា​ជំងឺ​កូ​វីត​-១៩ ក្នុងតំណាក់កាល​នាំចូល​ដោយ​ជនបរទេស​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះ ពិភពលោក​មិនទាន់​ឆ្លង​ផុត​គ្រោះថ្នាក់​នៃ​វិបត្តិ​រាតត្បាត​នេះ​នៅឡើយ​ទេ ស្ថាប័ន​ជំនាញ​ជាតិ និង​អន្តរជាតិ បាន​ក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បន្ត​ការយកចិត្តទុកដាក់​អនុវត្ត​លើ​គ្រប់​វិធានការ​ទាំងឡាយ និង​រួមគ្នា​ពង្រឹង​បន្ថែមទៀត​ស្មារតី​ប្រ​យ​ទ្ធ​ប្រឆាំង​ការចម្លង​វីរុស​កូ​វីត​-១៩​។ ការធ្វេសប្រហែស ជាការ​ប្រមាថ​ខ្លួនឯង ហើយ​ជាការ​បើកឱកាស​ឲ្យ​កូ​វីត​១៩ នាំមក​ការចម្លង​ជំងឺ​នេះ​ជាថ្មី​មក​កម្ពុជា​វិញ ពិសេស​គឺ​ក្នុង​សហគមន៍​ដែល​កំពុងមាន​ហា​នី​ភ័យ ដោយសារតែ​ការវិលត្រឡប់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​មកពី​បរទេស នៅតែមាន​ជា​បន្តបន្ទាប់​នោះ​។

​បើតាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ពាក់​ស្នែង​បាន​ឲ្យ​ដឹងថា ឃុំ​ពាក់​ស្នែង ក្នុង​បណ្តា​ភូមិ​ចំណុះ​ចំនួន​៦​ភូមិ ប្រជាពលរដ្ឋ​សរុប​មាន​ជាង​១៤០០​គ្រួសារ ស្មើនឹង​ជាង ៦៤០០​នាក់ ប្រជាពលរដ្ឋ​ចេញទៅ​ធ្វើការ​ក្រៅប្រទេស​មាន​ចំនួន​៣០​នាក់ និង​បាន​វិលត្រឡប់​មកវិញ​ចំនួន​៦​នាក់ កំពុងស្ថិត​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក បាន​ចំនួន​១​សប្តាហ៍​កន្លងមកហើយ លើ​១៤​ថ្ងៃ​នៃ​ការកំណត់​។ សំរាប់​ពិធី​ផ្សព្វផ្សាយ​នោះ ក៏មាន​ចែក​ជួន​អំណោយ​ជា​ស្បៀងអាហារ សាប៊ូ និង​សម្លៀកបំពាក់​ផងដែរ ដែលជា​សក្ខីកម្ម​នៃ​ការ​រួមសុខ​រួមទុក្ខ រវាង​ក្រុមការងារ​និង​ប្រជាពលរដ្ឋ ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​កូ​វីត​១៩៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​