សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកុមារកំព្រាដែលងាយរងគ្រោះដោយសារមេរោគអេដស៍ និងជំងឺអេដស៍

(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា គណៈកម្មការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកុមារកំព្រាដែលងាយរងគ្រោះដោយសារមេរោគអេដស៍ នឹងជំងឺអេដស៍ចំនួន ៤៥ នាក់នៅក្នុងស្រុកគោលដៅចំនួន ៤ មាន ស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកពារាំង ខេត្តព្រៃវែង សម្រាប់ឆមាសទី ១ ឆ្នាំ២០២០ ដែលធ្វើនៅថ្ងៃទី ៧-៨ ខែឧសភា ឆ្នាំ២០២០នេះ។

ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវចេះថែទាំសុខភាពដោយខ្លួនឯង ដោយត្រូវ រស់នៅស្អាត ហូបស្អាត ជាប្រចាំ នឹងត្រូវទទួលទានបន្លែដែលគ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ដល់ប្អូនៗឱ្យមានសុខភាពល្អរឹងមាំ និងត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងពិគ្រោះយោបល់សេវាថែទាំសុខភាពឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងហូបថ្នាំតាមវេជ្ជបញ្ជា ជាពិសេសទៅទៀតនោះត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជា ធនធានដ៏ល្អ ដើម្បីចូលរួមជួយ អភិវឌ្ឍប្រទេសជាតិយើង និងមិនត្រូវបាក់ទឹកចិត្តនោះឡើយ។

ឯកឧត្តម ឧកញ៉ាក៏បានផ្ដាំផ្ញើបន្តទៀតថាសូមឲ្យប្អូនៗ និងអាណាព្យាបាល ត្រូវចូលរួមអនុវត្តការពារទប់ស្កាត់នូវជម្ងឺកូវីត១៩ តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការអនុវត្តន៍អនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំដើម្បីចូលរួមក្នុងការទប់ស្កាត់មិនឲ្យមានការឆ្លងមកខ្លួនយើង និងនៅក្នុងសហគមន៍យើង ដោយត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ស្វាគមន៍គ្នាដោយសំពះ ជំនួសការចាប់ដៃ។

សម្ភារៈដែលសាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ជូននោះរួមមាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១ យូរ អាវយឺតចំនួន ៥ ថវិកា ៥ ម៉ឺនរៀល សាខាក៏បានផ្ដល់ជូនថវិកា ចំនួន ២០ម៉ីនរៀល ដល់ លោក ញាណ សាអែម អនុប្រធានគណៈកម្មការ អនុសាខាស្រុកព្រះស្តេចដែលមានបញ្ហាសុខភាពនោះផងដែ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង