ឯកឧត្តម អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​១​ខ្សែ​ប្រវែង ២,៣៤៥​ម៉ែត្រ ក្នុង​ក្រុង​សៀមរាប

(​សៀមរាប​)៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង ២,៣៤៥​ម៉ែត្រ ឆ្លងកាត់​ភូមិ​ចំនួន​៣ គឺ​: ភូមិ​កន្ត្រក , គោក​ក្រសាំង និង​ភូមិ​ភ្ញា​ជ័យ នៅក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ត្រូវបាន​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួត​ពិនិត្យមើល​សកម្មភាព​សាងសង់​ផ្លូវ និង​សកម្មភាព​ក្នុង​ការរុះរើ​ក្លោងទ្វារ របង​ស​ង្ក័​សី ដោយ​ស្ម័​ត្រ​ចិត្ត​របស់​ម្ចាស់​ដី​គម្រោង​អភិវឌ្ឍន៍ នា​ថ្ងៃទី​០៧ ខែ ឧសភា ឆ្នាំ​២០២០​នេះ ។​

​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ផ្លូវ​មួយ​ខ្សែ​នេះ​ជា​គម្រោង​របស់​សាលាក្រុង ដែល​បាន​កំពុងដំណើរការ​សាងសង់ ដែល​ឆ្លងកាត់​ភូមិ​កន្ត្រក , គោក​ក្រសាំង និង​ភូមិ​ភ្ញា​ជ័យ ត​ភ្ជាប់​នឹង​ផ្លូវ​វាង​ក្រុង ក្នុងភូមិ​គ្រួស ត្រង់ចំណុច​ជាប់​ផ្លូវ​ចូល​សាលាសង្កាត់​ស្វាយ ដង្គំ មាន​ប្រវែង​២,៣៤៥​ម៉ែត្រ ។ លោក​បានបញ្ជាក់​ផងដែរ​ថា ក្នុង​ប្រវែង​ផ្លូវ​២,៣៤៥​ម៉ែត្រ​នេះ ក៏មាន​ការបរិចាករ​បស់​សប្បុរសជន (​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​) មាន​ប្រវែង ១,៣៧០​ម៉ែត្រ ដោយបាន​ធ្វើការ​ចាក់​ក្រាល​កៅស៊ូ DBST ប្រវែង ៨៣០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ និង​ក្រាល​គ្រួស​ក្រហម ៥៤០​ម៉ែត្រ ទទឹង ១០​ម៉ែត្រ និង​ដោយមាន​ការពង្រីក​ផ្លូវ​ទៅតាម​ទំហំ បានកំណត់​របស់​គណៈ​កម្ម​ការ​រដ្ឋបាល​ក្រុង ។​

​តាម​ការបញ្ជាក់​របស់ លោក សូត្រ សុ​មុន្នី ម្ចាស់​ដី​គម្រោង​អភិវឌ្ឍន៍ គាត់​បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត​រុះរើ​របង​ស័ង្កសី​បណ្ដា​យ​ប្រវែង ៦១២​ម៉ែត្រ កម្ពស់ ២​ម៉ែត្រ​មុនគេ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ជូនដំណឹង ។ នៅថ្ងៃនេះ លោក​ក៏បាន​ធ្វើការ​រុះរើ​ក្លោងទ្វារ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមការងារ​ធ្វើការ​ស្ថាបនា​ផ្លូវ​នេះ​ឡើង​ផងដែរ ។
​សូមបញ្ជាក់​ផងដែរ​ថា ផ្លូវ​ប្រវែង ១,៣៧០​ម៉ែត្រ​នេះ គឺ​ត្រូវបាន​លោក សូត្រ សុ​មុន្នី ទិញ​ពី​ប្រជាពលរដ្ឋ ដើម្បី​បើក​ធ្វើ​ផ្លូវ ចូលទៅក្នុង​តំបន់​គម្រោង​អភិវឌ្ឍន៍​របស់ខ្លួន និង​ដើម្បី​បំពេញតម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ដាក់​ជា​សម្បត្តិ​សាធារណ​:​ផងដែរ ។​

​ឯកឧត្តម ទៀ សីហា ក៏បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​លោក សូត្រ សុ​មុន្នី ដែល​បាន​ចូលរួម​នៅក្នុង​សកម្មភាព​អភិវឌ្ឍន៍​របស់​សាលាក្រុង​សៀមរាប ក៏ដូចជា​ខេត្តសៀមរាប​ទាំងមូល ។ ហើយក៏​ជា​សកម្មភាព​គំរូ​មួយ ដែល​រដ្ឋបាល​ក្រុង និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សូម​សំដែង​ការកោតសរសើរ នូវ​ការ​វិការ​ដ៏​សប្បុរស​នេះ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល សំខាន់ ក្នុង​កិច្ចអភិវឌ្ឍន៍​ទីក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ ឲ្យ​កាន់​តែមាន​ភាពស្រស់​ស្រ​កាល​ទៀតផង ។​
​ឯកឧត្តម​ក៏បាន​សំណូមពរ​ផងដែរ ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រើប្រាស់​ផ្លូវ និង​រស់នៅ​អម​សង្ខាង​ផ្លូវ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា និង​ប្រើប្រាស់​ផ្លូវ​ឲ្យ​បានល្អ​យូរអង្វែង ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​