កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១២ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣

(​សៀមរាប​)៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែឧសភា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ធំ សាលាខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម អឹុង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត​សៀមរាប ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត តំណាង​អាជ្ញាធរ​ជាតិ​អប្សរា នាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត មេបញ្ជាការ មេបញ្ជាការ​ង​កងកម្លាំង​ប្រដាប់អាវុធ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព និង​អ្នកពាក់ព័ន្ធ​ប្រមាណ​ជិត ៥០​នាក់ បាន​ចូលរួម ។

​អង្គ​ប្រជុំបាន​អនុវត្ត តាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​គោលបំណង​ពិនិត្យ ពិភាក្សា និង​តាមដាន​ការងារ​របស់​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង ស្រុក មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ដែល​បាន​អនុវត្ត​ការងារ​កន្លងមក ។ ក្នុង​កិច្ចប្រជុំ​នោះដែរ មាន​របៀប​វារ​:​ចំនួន ៥ យកមក​ធ្វើការ​ពិនិត្យ ពិភាក្សា ដោះស្រាយ និង​អនុម័ត​នូវ​សំណើ​នានា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត រដ្ឋបាលខេត្ត ដូចជា​៖ ១- ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១ របស់​ក្រុមប្រឹក្សា​ខេត្ត កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ ។ ២- ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែមេសា ឆ្នាំ​២០២០ ស្ដីពី​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្តសៀមរាប ។ ៣- ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​ផែ​ការអភិវឌ្ឍន៍​រយ​:​ពេល ៥​ឆ្នាំ​( ២០២០- ២០២៤ ) របស់​រដ្ឋបាលខេត្ត ។ ៤ – ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីសម្រេច​បង្កើត​គណ​:​កម្ម​ការរៀបចំ​គម្រោង​រដ្ឋបាល​ខេត្តសៀមរាប ។ ៥- បញ្ហា​ផ្សេងៗ ៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​