ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ដល់​ជនពិការ​២​រូប ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ១​រូប និង​ក្រុង​សៀមរាប ១​រូប

(​សៀមរាប​)៖ នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២០ ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា រួមទាំង​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​បន្ទាយស្រី បាន​ជួប​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ដល់ លោកយាយ អ៊ឹម ចេង អាយុ​៨៨​ឆ្នាំ ពិការ​ជើងឆ្វេង និង លោក បូ ណាក់ អាយុ ៣៣​ឆ្នាំ ពិការ​ដៃ​ទាំងសងខាង ។​

​តាម​របាយការណ៍ បង្ហាញថា លោកយាយ អ៊ឹម ចេង រស់នៅ​ភូមិ​ន្ទា​យ​ស្រី ឃុំ​ខ្នា​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​រងគ្រោះ​ដោយសារ​គ្រាប់មីន តាំងពី​យូរ​មកហើយ ជាមួយ​នោះ​រទេះ​ចាស់​របស់​លោកយាយ មាន​សភាព​ទ្រុឌទ្រោម មិនអាច​ប្រើប្រាស់​បានឡើយ ។ នៅ​ថ្ងៃ​ដដែល​នៅ​ដែរ ប្រតិភូ​ក៏បាន​ទៅសួរសុខទុក្ខ​ជនពិកា មាន​ទីលំនៅ នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប ដែល​ត្រូវកា​ត់ដៃ​ចោល​ទាំងសងខាង ដោយសារ​ឆក់​ចរន្តអគ្គិសនី និង​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត ក្នុង​ក្រុង​សៀមរាប​។​

​ក្នុងនាម​ឯកឧត្តម ទៀ សីហា លោកជំទាវ សុខ ណា​រ៉ូ ពៅ​ហេង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា បាន​នាំយក​នូវ​ការសួរសុខទុក្ខ សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្ដែង​ការសោកស្ដាយ​ចំពោះ​ជនរងគ្រោះ​ទាំង​ពីររូប ដែល​បាន​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​នេះ​។​

​អំណោយ​មនុស្សធម៌ លោកយាយ​ពិការ​ជើង មាន រទេះ​ជនពិការ ១​គ្រឿង អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ មុង​១ ភួយ​១ សារុង​២ ក្រមា​១ កន្ទេល​១ អាវយឺត​២ និង​ថវិកា​២​សែន​រៀល ។​

​ចំពោះ​បុរស​ពិការ​ដៃ​ទាំងសងខាង ទទួលបាន អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកដោះគោ​ខាប់​២​កំប៉ុង ស្ករស​១​គីឡូក្រាម មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ អាវយឺត​២ និង​ថវិកា​១​លាន​រៀល ៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​