សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ ផ្ញើ​សារ​រំលែក​មរណទុក្ខ គោរព​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះ​មរណភាព​របស់​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី​

(​ត្បូងឃ្មុំ​)៖ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ ផ្ញើ​សារ​រំលែក​មរណទុក្ខ គោរព​ជូន​សម្តេច​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​មរណភាព​របស់​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី​។​

​យើងខ្ញុំ​មាន​ក្ដី​រន្ធត់ចិត្ត​យ៉ាងខ្លាំង ដោយបាន​ទទួលដំណឹង​ថា អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា មាតា​ក្មេក ជីដូន បានទទួល​មរណភាព​នា​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​២​និង​១២​នាទី ទៀបភ្លឺ ក្នុង​ជន្មាយុ​៩៦​ឆ្នាំ ដោយ​ជរាពាធ​។​

​មរណភាព​របស់ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ពុទ្ធសាសនិក​មួយរូប ពោរពេញ​ដោយ​សេចក្ដី​បរិសុទ្ធ​ក្នុង​ព្រះ​ធម្ម ដែល​បាន​បរិច្ចាគ​នូវ​ទ្រព្យ និង​កម្លាំងកាយ​ចិត្ត ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ដ៏​ជ្រាលជ្រៅ​បំផុត ក្នុង​ការងារ​មនុស្សធម៌ និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ព្រមទាំង​ជាការ​បាត់បង់​នូវ​មាតា មាតា​ក្មេក ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ជាទី​ស្រឡាញ់​ស្មើ​ជីវិត ដែល​បាន​បីបាច់​ថ្នាក់ថ្នម​ថែរក្សា និង​ផ្គត់ផ្គង់ គ្រប់បែបយ៉ាង​ដល់​ក្រុមគ្រួសារ ព្រមទាំង​អប់រំ ណែនាំ ផ្តល់​ដំបូន្មាន​ល្អៗ ធ្វើឱ្យ​កូនចៅ បាន​ក្លាយជា ពលរដ្ឋ​ល្អ បញ្ញវន្ត និង​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដែលជា​មនុញ្ញផល មិនអាច​ខ្វះ​បាន​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​ក្នុងឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ យើងខ្ញុំ សូម​ចូលរួម​រំលែក​នូវ មរណទុក្ខ​ជាមួយ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ដោយ​សេចក្ដី​សង្វេគ​ជាទីបំផុត និង​សូម​ឧទ្ទិស​បួងសួង សូមឱ្យ​វិញ្ញាណក្ខន្ធ​របស់ អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​