នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង និង​អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ត្រួតពិនិត្យ បែងចែក​ភារកិច្ច ក្នុង​ពិធី​ដង្ហែ និង​ពិធី​បុណ្យសព អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី

(​ត្បូងឃ្មុំ​)៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កង​យុទ្ធ​ពល​ខេ​ម​ភូមិន្ទ និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ប្រតិភូ​អមដំណើរ អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ អភិបាលស្រុក ប្រធាន​មន្ទីរ​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធី​បុណ្យសព និង​តាម​ដងផ្លូវ​ដែល​ត្រូវ​ដង្ហែ​សព អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី នៅ​ភូមិគ្រឹះ​ស្រុកកំណើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិតនៅ​ភូមិ​ទី​២ ឃុំរ​ការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ សព​នឹងត្រូវ​ធ្វើការ​ដង្ហែ​ពី​រាជធានី​ភ្នំពេញ​មកកាន់​ទីនេះ នា​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០​ស្អែក​នេះ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ទៅតាម​ប្រពៃណី​សាសនា​។​

​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ប្រារព្ធ​ពិធី​បុណ្យសព​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពី​ផែនការ​បែងចែក​ភារកិច្ច​លំអិត នៃ​ការទទួលខុសត្រូវ​ក្នុង​ដំណើរ​នៃ​ការ​ដង្ហែ​សព​និង​កម្មវិធី​ប្រារព្ធ​ពិធី​បុណ្យសព​តាម​ប្រពៃណី​សាសនា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការប្រព្រឹត្តទៅ​ធានាបាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​ក៏ដូចជា​កម្មវិធី​បុណ្យ​ទាំងមូល​ប្រកបដោយ​ភាពរលូន និង​ជោគជ័យ​។​

​សូមជម្រាបថា​៖ អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ត្រូវជា​មាតា​ក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន និង ជា​មាតា​បង្កើត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួល​មរណភាព​នា​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​២៖១២​នាទី​ទៀបភ្លឺ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ដោយ​ជរាពាធ​។​

​បច្ចុប្បន្ន​សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ត្រូវបាន​តម្កល់​ធ្វើបុណ្យ​នៅផ្ទះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅក្បែរ​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២០​នេះ ថ្នាក់ដឹកនាំ​នៅតាម​បណ្តា​ស្ថាប័ន​កំពូលៗ​របស់​ជាតិ និង​មកពី​តាម​ក្រសួង​នានា ត្រូវបាន​អនុញ្ញាតឱ្យ​អញ្ជើញ​ទៅ​ធុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​។​

​សព​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី នឹងត្រូវ​ដង្ហែ​យកមក​បញ្ចុះ​នៅឯ​ស្រុកកំណើត ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​០៦ ខែឧសភា​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​