ឯកឧត្ដមទេសរដ្ឋមន្ត្រី សុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

(ភ្នំពេញ)៖ ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង ០២:១២ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៦វស្សា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិគ្រឹះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទះលេខ៤១ ផ្លូវសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា គឺជាការបាត់បង់នូវមាតាក្មេក មាតាបង្កើត ជីដូន និងជីទួតជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដែលកន្លងមក អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា តែងតែបានខិតខំអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ ឱ្យប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ។ ទន្ទឹមនឹងនោះ មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភដ៏សំខាន់មួយរូប ដែលតែងតែបានចូលរួមគាំទ្រយ៉ាងសកម្មដល់វិស័យព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយសេចក្ដីសង្វេគជាទីបំផុត និងបានលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ ចំណាន