បដិមា​មួយអង្គ​ដែល​ប្រជាពលរដ្ឋ​រកឃើញ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឬ​ស្សី​ត្រឹប ត្រូវបាន​ប្រគល់ជូន​មន្ទីរ​វប្បធម៌​ដើម្បី​រក្សាទុក​

(​ព្រះវិហារ​)៖ រូប​បដិមា​មួយអង្គ​ត្រូវបាន​ប្រជាពលរដ្ឋ​រកឃើញ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឬ​ស្សី​ត្រឹប ក្នុងភូមិ​សាស្ដ្រ ស្រុក​ឆែប​កាលពី​អំឡុង​ចុងខែ​មេសា កន្លងមកនេះ ត្រូវបាន​អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម​ប្រាក់ សុវណ្ណ នាំយកមក​ប្រគល់ជូន​ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដើម្បី​រក្សាទុក កាលពី​រសៀល​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០​នេះ ប៉ុន្តែ រូប​បដិមា​នេះ​មិនទាន់​ដឹងថា កសាងឡើង ក្នុង​កំឡុង​ឆ្នាំ​ណា​ឬ​មាន​ព្រះនាម​អ្វី​នោះទេ​។

​លោក​នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រះវិហារ បាន​ថ្លែងប្រាប់​ក្រុមការងារ​មន្ទីរ​ព័ត៌មាន នៅ​រសៀល​ថ្ងៃនេះ​ថា ដងខ្លួន​បដិមា​ដែល​ប្រគល់​ទទួល​ក្នុង​ពេលនេះ​មាន​ប្រភពពី​តំបន់​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប ដែល​ប្រជាពលរដ្ឋ បានប្រគល់​មកអោយ​អាជ្ញាធរ​ស្រុក​ឆែប​។ លោ​កថា​ដងខ្លួន​បដិមា​នេះ ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់ ៧​តឹក​, កំរាស់​១​តឹក និង​មាន​រូបរាង មិន​ពេញលេញ ដោយសារ​រូបនេះ​បាន បាត់​ព្រះ​កេស​ជើង​និង​ដៃ​ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការមើល​ដឹង​ពី​កាលបរិច្ឆេទ​និង​រចនាបថ ប៉ុន្តែ លោក​គិត ថា វា​ជា​ទេព​រូប ដែល​អាចជា​ព្រះ​មួយអង្គ​ក្នុង​ព្រហ្មញ្ញសាសនា និង​ត្រូវបាន​កសាងឡើង​ក្នុង​សតវត្ស​ទី​១២​។​
​តាម​អនុសាសន៍ របស់​ឯកឧត្តម​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ជំ​រុញអោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បន្ត​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ទុកជា​ឯកសារ សម្រាប់​អ្នកសិក្សា​នាពេល​ក្រោយៗ​ទៀត​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​)​