កាកបាទក្រហមកម្ពុជានៅជាមួយពលរដ្ឋខ្វះខាត់ និងរងគ្រោះគ្រប់ពេល គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង

(កំពត)៖ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពត បានមានប្រសាសន៍លើកទឹកចិត្ត ដល់គ្រួសារពលរដ្ឋងាយរងគ្រោះដែលមានជីវភាពខ្វះខាត់ ចាស់ជរា ស្ត្រីមេម៉ាយ និងក្មេងកំព្រាគ្មានទីពឹងថា មិនថានៅទីណា កន្លែងណា ឆ្ងាយយ៉ាងណានោះទេ ឲ្យតែមានបងប្អូនប្រជាពលរដ្ឋខ្វះខាត ជួបការលំបាក គ្មានទីពឹង ដោយសារកត្តាជីវភាពក្តី ឬគ្រោះមហន្តរាយធម្មជាតិក្តី កាកបាទក្រហមកម្ពុជាតែងតែនៅជិត ចាំជួយចែករំលែកទុក្ខលំបាកជាមួយពលរដ្ឋជានិច្ច និងមិនដែលបំភ្លេច ឬបោះបង់ចោលពលរដ្ឋណាម្នាក់ឲ្យស្លាប់ដោយសារតែអត់អាហារ និងមិនបានជួយដោះស្រាយនោះទេ។

ការលើកឡើងបែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់គ្រួសារពលរដ្ឋងាយរងគ្រោះ ដែលមានជីវភាពខ្វះខាត់ ចាស់ជរា ស្ត្រីមេម៉ាយ និងក្មេងកំព្រាឪពុកម្តាយគ្មានទីពឹងរស់នៅស្រុកទឹកឈូ និងក្រុងកំពតចំនួន១០០ គ្រួសារ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តមជាវ តាយបានបន្តថា ក្រោមការដឹកនាំប្រកបដោយគុណធម៌ សមធម៌ តម្លាភាព មិនប្រកាន់និន្នាការ នយោបាយ សាសនា ព័ណ៌សម្បុរ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្តៅ មានទំនុកចិត្ត នឹងចូលរួមគាំទ្រ រាល់កម្មភាព និងបេសកកម្មមនុស្សធម៌គ្រប់ទីកន្លែង។

ជាក់ស្តែងក្នុងពេលដែលប្រទេសកម្ពុជា ដោយឡែកខេត្តកំពត បាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មន្ត្រីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត បានសហការគ្នា ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាព វិធានការ អនាម័យ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងបានចូលរួមបរិច្ចាគថវិកា សម្ភារៈ ជាមួយនឹងសាខាកាកបាទក្រហមខេត្ត ដើម្បីនាំទៅចែកជូនដល់ពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាត់ ក្នុងអំឡុងពេលនៃការអនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារ ទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ នៅតាមសហគមន៍ មូលដ្ឋាន ពិសេសការហាមមិនឲ្យប្រជាពលរដ្ឋមានការជួបជុំប្រមូលផ្តុំគ្នាច្រើន និងនៅផ្ទះកុំឲ្យចេញក្រៅបើគ្មានការចាំបាច់ជាដើមនោះ។

បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានភាពប្រសើរឡើងក៏ដោយ ឯកឧត្តមបានស្នើឲ្យពលរដ្ឋបន្តអនុវត្តវិធានការអនាម័យឲ្យបានកាន់តែប្រសើរថែមទៀត នឹងខិតខំបន្តភារកិច្ច ការងារ មុខរបររកស៊ីទទួលទានរបស់ខ្លួនឲ្យបានល្អ ពិសេសកុំអស់សង្ឃឹម គឺទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជាជានិច្ច។

អំណោយដែលបានជូនគ្រួសារប្រជាពលរដ្ឋទាំង១០០គ្រួសារ ដែលក្នុងនោះមកពីក្រុងកំពតចំនួន ៥០ គ្រួសារស្រុកទឹកឈូចំនួន៥០គ្រួសាររួមមាន៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ មី១កេស ទឹកត្រី១យួរ អំបិល២គីឡូ ទឹកសុទ្ធ១យួរ និងថវិកាមួយចំនួន។ ដោយឡែកក្នុងឱកាសនោះឯកឧត្តមជាវតាយក៏បានជូនថវិកាមួយចំនួន ដល់យុវជនកាកបាទ អ្នកស្ម័គ្រចិត្តកាកបាទនិងកងកម្លាំងប្រដាប់អាវុធផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត