ប្រជាពលរដ្ឋជួបការលំបាក ចំនួន ៥៥គ្រួសារ ទទួលបានអំណោយពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំនិងឯកឧត្តម ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

(កំពង់ធំ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសចុះជួយឃុំឈូក និងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ អមដំណើរក្រុមការងារមូលដ្ឋាន បាននាំអំណោយចែកជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជួបការលំបាកចំនួន ៥៥គ្រួសារ ក្នុងភូមិចំនួន៣ ក្នុងឃុំឈូក គឺភូមិត្រពាំងសិលា ភូមិវាលវែង ភូមិក្របៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។

លោកអ៊ុត វណ្ណារ៉ាអភិបាលស្រុកប្រាសាទសំបូរបានធ្វើរបាយការណ៍គួរបញ្ជាក់ថាកន្លងមកអាជ្ញាធរស្រុកបានទទួលបងប្អូនប្រជាពលរដ្ឋដែលចំណាកស្រុកមកពីក្រៅប្រទេសជាបន្តបន្ទាប់ហើយតាមការពិនិត្យរកមេរោគ កូវីដ19 ពុំទាន់មានទេលើប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេសនេះ។ហើយអាជ្ញាធរស្រុកតែងតែចុះផ្សព្វផ្សាយនិងនែនាំដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានតាមរយៈការបិទផ្ទាំងផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលជាដើម។

ឯកឧត្តម ឈុន ឈន់ និងឯកឧត្តម ប៉ែន សូត្រ បានលើកឡើងស្រដែងគ្នាថា សូមប្រជាពលរដ្ឋត្រូវចូលរួមការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមវិធានការបស់រាជរដ្ឋាភិបាលគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ជាតិ ទាំងអស់គ្នា ទោះបីស្ថានភាពជំងឺកូវិដ១៩ នៅក្នុងប្រទេសកម្ពុជាមានការធូរស្រាលក៏ដោយ សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាទប់ស្កាត់ និងបង្ការដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។ ឯកឧត្តម ប៉ែន សូត្រ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាគម្លាតគ្នា ត្រូវសម្អាត និងរក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយលាងដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃ មុនពេលនិងក្រោយពេលចាប់កាន់របស់ផ្សេងៗ ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

អំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាកចំនួន ៥៥គ្រួសារ ដែលក្នុងភូមិចំនួន៣ ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ដែលក្នុង១គ្រួសារទទួលបាន៖ អង្ករ មី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ។ បន្ទាប់ពីនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តម ប្រធានកិត្តិយស លោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិកាចំនួនទៅសួរសុខទុក្ខ ព្រមបានរំលែកទុក្ខដល់ក្រុមគ្រួសារ ដែលកុមារឈ្មោះ តុង ហេង អាយុ ១២ឆ្នាំ បានស្លាប់ដោយជំងឺដុះសាច់បំពងករ ស្ថិតនៅក្នុងភូមិតាអោក ឃុំឈូក៕

រូបភាព និងអត្ថបទ ព្រំ ច័ន្ទពិសិដ្ឋ (កែសម្រួលដោយ លោកអ៊ុម ញ៉ឹប)