សមត្ថកិច្ចនៅខេត្ដសៀមរាបថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ រកឃើញមានយានយន្តមានភាពមិនប្រក្រតីច្រើន

(ភ្នំពេញ)៖ ស្នងការរដ្ឋាននគរបាលខេត្ដ បានអោយដឹងថា ប្រជាពលរដ្ឋនៅខេត្ដនេះមានការយល់ដឹងច្រើន ពីការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ទៅលើរថយន្ដ ម៉ូតូ ប៉ុន្ដែការបើកបរផាសអាប់ និងរ៉ឺម៉ក ខុសច្បាប់ចរាចរណ៍ភាគច្រើន។

លោកឧត្ដមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានអោយដឹងនៅថ្ងៃទី០២ ខែឧសភានេះថា ថ្ងៃដំបូងនៃការអនុវត្តន៍អនុក្រឹត្យថ្មី នៃច្បាប់ចរាចរណ៍ផ្លូវគោក ស្តីពីការផាកពិន័យអន្តរការណ៍ឃើញថា នៅខេត្តសៀមរាបប្រជាពលរដ្ឋមានការគោរពច្បាប់បានល្អជាងមុន ប៉ុន្ដែសម្រាប់អ្នកបើកបរផាសអាប់ និងម៉ូតូរឺម៉ក មានភាពមិនប្រក្រតីច្រើន ពោលការបើកបររបស់ពួកគាត់មិនមានប័ណ្ណបើកបរ និងរ៉ឺម៉កគ្មានស្លាកលេខ ។លោកបានបន្ដថា នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែឧសភានេះ ការរឹតបន្ដឹងនិងអនុវត្តច្បាប់នេះ បានដាក់ចំនួន១៥ គោលដៅនៅទូទាំងខេត្ដ ដែលព្រឹត្តិទៅប្រកបដោយស្មារតីទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មានការលើកលែង និងមានសីលធម៌ វិជ្ជាជីវៈ ព្រមទាំងឥរិយាបថថ្លៃថ្នូរ ទន់ភ្លន់ និងម៉ឺងម៉ាត់ ។

លោកស្នងការរង បន្តថា ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលជិះម៉ូតូពាក់មួកសុវត្ថិភាពមានប្រមាណ៩០% បានគោរពច្បាប់ រីឯកអ្នកបើកបររថយន្តក៏មានការគោរពច្បាប់បានល្អជាងមុនដែរ កត្តាទាំងនេះអាចមកពីមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងការផាកពិន័យខ្ពស់ជាងមុនទ្វេដង ។

លោក តេង ច័ន្ទណាត បានបញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍នៅថ្ងៃទី០១ខែឧសភា ឆ្នាំ២០២០ រកឃើញបទល្មើសចរាចរណ៍ផ្លូវគោកចំនួន ១២៣គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ១១៦គ្រឿង និងរថយន្ដធុនតូច ៧គ្រឿង នៅក្នុងគោលដៅ ១៥ទូទាំងខេត្ដសៀមរាប។ ក្នុងនោះ ប្រជាពលរដ្ឋមួយចំនួនធំដែលមានកំហុស គឺបានយល់ព្រមឱ្យសមត្ថកិច្ចធ្វើការពិន័យ គឺមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលមានការតវ៉ាថា ការពិន័យនេះថ្លៃពេក ពួកគាត់មិនមានលុយបង់ដោយសារកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារកូវិដ-១៩ ៕

អត្ថបទ និងរូបភាព: លោក បូ សាវី
កែសម្រួលដោយ លីវ សុខុន