រយៈពេល១៤ថ្ងៃចុងក្រោយ មានរថយន្តជិត ១០០០គ្រឿង មកត្រួតពិនិត្យបច្ចេកទេស នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ

(តាកែវ)៖ បើយោងតាមការបញ្ជាក់ពី លោក អ៊ុ ចាន់ធូ អនុប្រធានសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានថ្លែងថា ត្រឹមរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃ២០ មេសា ដល់ម៉ោង ១២យប់ ថ្ងៃទី១ ខែឧសភា មុនការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានរថយន្តគ្រប់ប្រភេទជិត ១០០០គ្រឿង បានចូលមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវ ។

លោក អ៊ុ ចាន់ធូ អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ចូនខេត្តតាកែវ បានថ្លែងថា ត្រឹមរយៈពេល ១៤ថ្ងៃ ឬ២សប្ដាហ៍ មុនការអនុវត្តន៍ច្បាប់រឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅទូទាំងប្រទេស ក្រោមការសហការ រវាង ក្រសួងសាធារណៈការ និងក្រុមហ៊ុន CMVIC បានចុះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស រថយន្ត «ឆៀកចល័ត» ក្នុងខេត្តតាកែវ បានសរុបចំនួន ៩៣២គ្រឿង បានចូលមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តរបស់ខ្លួន។ រថយន្តទាំងអស់នេះ គឺមិនមែនម្ចាស់នៅក្នុងខេត្តតាកែវទេ គឺមកពីបណ្ដាលខេត្តមួយចំនួនដូចជាកំពត កណ្ដាល កំពង់ស្ពឺជាដើម។

លោកអនុប្រធានមន្ទីរសាធារណៈការខេត្ត បានមានប្រសាសន៍បន្តថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញការអនុវត្តន៍ច្បាប់ចរាចរណ៍តឹងរឹងបំផុត ចំពោះអ្នកធ្វើចរាចរណ៍លើដងផ្លូវគ្រប់ប្រភេទ យើងសង្កេតឃើញថាមានរថយន្តច្រើនលើសការរំពឹង បានយកមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ហើយការត្រួតពិនិត្យនេះ គឺតម្រូវអោយម្ចាស់ រថយន្តយកប័ណ្ណសំគាល់រថយន្ត និងរថយន្តមកពិនិត្យដោយផ្ទាល់ ហើយបើមន្រ្តីក្រុមហ៊ុនត្រួតពិនិត្យឃើញមានខុសលក្ខណៈបច្ចេក ទេសលើរថយន្តរបស់បងប្អូនប្រជាពលរដ្ឋ គឺមន្រ្តីនិងតម្រូវអោយម្ចាស់រថយន្តជួសជុល ឬបំពាក់សម្ភារៈអោយបានត្រឹមត្រូវជាមុនសិនមុននិងចេញវិញ្ញាណប័នប័ត្របញ្ជាក់ជូន។ ម្យ៉ាងទៀតការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តនេះ គឺមិនមានការប្រព្រឹត្តអំពើពុករលួយនោះទេ គឺយើងបានបិតតារាងដែលត្រូវ បង់ប្រាក់ ហើយម្ចាស់រថយន្តអាចបង់ប្រាក់តាមក្រុមហ៊ុនវីង ឬលីហួរ បានគ្រប់ទីកន្លែង។

បើតាមលោក អ៊ុ ចាន់ធូ អនុប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តតាកែវ ការដាក់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តនៅក្នុងខេត្តតាកែវ ពីសំណាក់ក្រុមហ៊ុន CMVIC បានទទួលសិទ្ធពីក្រសួងសាធារណៈការ វាពិតជាបានកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តជាច្រើន ដែលពីមុនពួកគាត់បាននាំគ្នាទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តនៅរាជធានីភ្នំពេញ ដោយចំណាយពេលវេលាយូនិងអស់ថវិការច្រើនថែមទៀតផង។ ការចុះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសដល់កន្លែងបែបនេះបានជាធ្វើអោយប្រជាពលរដ្ឋដែលមានរថយន្តមានការសប្បាយចឹត្តនិងពេញចិត្តក្នុងការយករថយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស។

សូមបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់រឹតបន្ដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី គិតចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ មន្រ្តីនគរបាលចរាចរណ៍ខេត្តតាកែវ បានដាក់កំលាំង ៤គោលដៅសំខាន់ៗក្នុងខេត្តតាកែវ ដោយបានរកឃើញយានយន្តល្មើស ១៩គ្រឿង រថយន្ត ៨គ្រឿង និងម៉ូតូ១១គ្រឿង ៕