ស្នងការនគរបាលខេត្តតាកែវ ចុះពិនិត្យមើលមន្រ្តីចរាចរណ៍ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

(តាកែវ)៖ មន្រ្តីនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចាប់ផ្តើមរឹតបន្តឹងចំពោះអ្នក ប្រើប្រាស់ផ្លូវទាំងអស់នៅទូទាំងខេត្ត ពីថ្ងៃទី០១ខែឧសភានេះតទៅ ដោយពុំមានការយោគយល់ និងស្មើភាពគ្នា ទោះជាប្រជាពលរដ្ឋ ឬមន្រ្តីរាជការអ្នកធំក៏ដោយ គឺអនុវត្តទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកដោយមិនលំអៀង ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានផ្តល់បទសំភាសន៍ ដល់អ្នកសារព័ត៌មាន ក្នុងពេលមន្រ្តីនគរបាលចរាចរណ៍ចុះរឹងបន្តឹងច្បាប់ចរាចរណ៍ និងផ្តើមអនុវត្តតាម អនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ឆ្នាំ២០១៧ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅបណ្តោយផ្លូវជាតិលេខ២ ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកទ្រាំងថា នៅថ្ងៃទី០១ ឧសភា ឆ្នាំ២០២០នេះថា មន្រ្តីនគរបាលចរាចរណ៍ខេត្តតាកែវ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន៤គោលដៅនៅតាមផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ដោយការរឹតបន្តឹងខ្លាំង ពិសេសគឺផាកពិន័យធ្ងន់ចំពោះអ្នកដែលល្មើសនឹច្បាប់ចរាចរណ៍ ដោយបើកបរមិនមានមួក កញ្ជក់ឬគ្មានស្លាកលេខ ហើយចំពោះអ្នកដែលបើករថយន្តធុនស្រាលនឹងធ្ងន់ គឺបើកបរគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរតែហួសសុពលភាពឬត្រូវបានដូកហូតទុកឬព្យួរ និងមិនពាក់ខ្សែក្រវ៉ាត់ជាដើម ទាំងអស់នេះ គឺមន្រ្តីយើងនឹងផាកពិន័យព្រមទាំងណែនាំឲ្យពួកគាត់ ឲ្យយល់ដឹង និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង បន្ថែមទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតមានឡើងជារៀងរាល់ថ្ងៃ ដែលកើតចេញពីអ្នកប្រើប្រាស់ផ្លូវនេះនេះតែម្តង ដូច្នោះការចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់នេះ ក៏ដូចជាការរឹតបន្តឹងច្បាប់នេះពីសំណាក់មន្រ្តីនគរបាលចរាចរណ៍ វានឹងកាត់បន្ថយអត្រាគ្រោះថ្នាក់នឹងស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ។

បើតាមឯកឧត្តមស្នងការនគរបាលខេត្ត នៅក្នុងការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺមន្រ្តីរបស់យើង អនុវត្តទៅតាមច្បាប់ដោយស្មើភាពគ្នា អនុវត្តដោយមិនលំអៀង ឬក៏ខ្លាចអំណាច និងមានការអន្តរាគមន៍ណាមួយអ្វីឡើយ ពោលគឺអនុវត្តទាំងអស់គ្នា ឲ្យតែប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយពីការស្លាប់ ឬពិការភាពដោយសារគ្រោះថ្នាក់មួយនេះ ព្រោះគ្រោះថ្នាក់ចរាចរណ៍ស្លាប់ជារៀងរាល់ថ្ងៃ ខណៈពេលដែលប្រទេសកម្ពុជារបស់យើង កំពុងតែចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩នោះ សូមបងប្អូកុំភ្លេចគោរពច្បាប់ចរាចណ៍ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ