លោក ណយ ចន្ទតារា ដឹកនាំក្រុមការងារស.ស.យ.កស្រុក ចុះអប់រំផ្សព្វផ្សាយ នូវវិធានការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅស្រុកកែវសីមា

(មណ្ឌលគិរី)៖ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោក ណយ ចន្ទតារា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកកែវសីមា និងលោក ហឿន សុខណា ប្រធានប្រតិបត្តិស.ស.យ.កស្រុក រួមទាំងសហការី បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយ នូវវិធីការការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំមេម៉ង់ និងឃុំចុងផ្លាស់ និងបន្តចុះពិនិត្យមើលកម្មករ ដែលកំពុងធ្វើការ នៅក្រុមហ៊ុនចំនួន ០២ ទី១. ក្រុមហ៊ុន រ៉ែមាសរង់ឈីង និងក្រុមហ៊ុន រីនេសង់ នៅចំណុចអូរក្វាវ ក្នុងឃុំចុងផ្លាស់ ក្នុងស្រុកកែវសីមា។

លោក ណយ ចន្ទតារា បានពាំនាំនូវការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រធាន ស.ស.យ.កខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោក បានបញ្ជាក់ថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ កំពុងរាតត្បាតនៅលើសកលលោក ដូច្នេះ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីកការរាលដាលនៃជំងឺកូវីត១៩ លោក ណយ ចន្ទតារា ក៏បានណែនាំដល់ពលរដ្ឋ រួមទាំងកម្មករទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យជាប្រចាំ តាមរយៈ ការលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។

នាឱកាសនោះ លោក ណយ ចន្ទតារា រួមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២៤ម៉ឺនរៀល ផ្តល់ជូនលោក វ៉ាន់ សំអាត ប្រធានស.ស.យ.កឃុំមេម៉ង់ ដែលគ្រោះថ្នាក់ដាច់ម្រាមដៃពីរ ដោយសារដាច់ខ្សែពាន ម៉ាស៊ីនបូមទឹកផងដែរ៕