អគ្គនាយករងពន្ធនាគារក្រើនរំលឹកដល់មន្រ្តីពន្ធនាគារខេត្តតាកែវ ត្រូវបន្តអប់រំណែនាំបន្ថែមទៀតដល់ទណ្ឌិត ឲ្យទម្លាប់មានអនាម័យ ពិសេសមន្រ្តីដែលប្រាស្រ័យគ្នានឹងទណ្ឌិត

(តាកែវ)៖ អគ្គនាយករងពន្ធនាគារ ឯកឧត្តម ម៉ៅ ណំ បានធ្វើការក្រើនរំលឹកជាថ្មីម្តងទៀត ទៅដល់មន្រ្តីពន្ធនាគារខេត្តតាកែវ ត្រូវបន្តអប់រំផ្សព្វផ្សាយបន្ថែមទៀត ព្រមទាំងណែនាំទៅដល់ទណ្ឌិត ត្រូវទម្លាប់មានអនាម័យដោយធ្វើការសម្អាតកន្លែងរបស់ខ្លួនឲ្យស្អាតល្អ ពិសេសគឺមន្រ្តីពន្ធនាគារខាងក្រៅ ដែលទៅជួបឬ ប្រាស័យគ្នានឹងទណ្ឌិត ក៏ត្រូវចេះការពារខ្លួនកុំឲ្យឆ្លងកូវីដ១៩នេះដែរ ។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតកូវីដ១៩ក្នុងពន្ធនាគារ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ណំ អគ្គនាយករងពន្ធនាគារ បានមានប្រសាសន៍បន្តទៀតថា ជម្ងឺកូវីត១៩នេះ កំពុងតែឆ្លងរាតល្បាតជាសកល ក្នុងនោះដែរជម្ងឺផ្លូវដង្ហើមថ្មីនេះ ប្រសិនបើយើងមិនចេះទប់ស្កាត់ ឬការពារខ្លួនជាមុនទេ វាប្រាកដមានហានិភ័យខ្ពស់ ព្រោះកូវីត១៩វាងាយឆ្លងខ្លាំងណាស់ពីមនុស្សម្នាក់ ទៅមនុស្សជាក្រុមផ្សេងទៀត តែប្រសិនបើយើងទម្លាប់មានអនាម័យ និងចេះការពារខ្លួនឬត្រៀមការពារ ទុកជាមុនជម្ងឺមួយនេះពិតជាមិនងាយឆ្លងមកយើងបានឡើយ ។ ដើម្បីការពារកុំឲ្យកូវីត១៩នេះ មានការឆ្លងរាតល្បាតនៅក្នុងពន្ធនាគាររបស់យើង សំខាន់បំផុតមន្រ្តីពន្ធនាគារត្រូវតែមានទម្លាប់ធ្វើអនាម័យឲ្យ បានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស់ មានអាគុលឬជែលជាប់ខ្លួនជានិច្ច ។

ឯកឧត្តមអគ្គនាយករងពន្ធនាគារ បន្ថែមទៀតថា បើកាលណាមន្រ្តីពន្ធនាគាររបស់យើង មានទម្លាប់ និងបង្កើនការធ្វើអនាម័យ និងបាញ់តម្លាប់មេរោគនៅក្នុងបរិវេណធ្វើការរបស់ខ្លួន ហើយធានាបានថា យើងការពារខ្លួនឯងបានហើយ នោះទណ្ឌិតដែលជាប់ឃុំ ក៏មិនអាចឆ្លងជម្ងឺកូវីត១៩នេះបានឡើយ ព្រោះតែមន្រ្តីរបស់យើង ចេះប្រយ័ត្ននឹងការពារខ្លួនឯងតាមរយៈការធ្វើអនាម័យ ។

ឯកឧត្តម ម៉ៅ ណំ បន្តថា ក្រៅតែពីទម្លាប់ធ្វើអនាម័យលើខ្លួនឯង ក៏ដូចជាណែនាំទៅដល់ទណ្ឌិត ឲ្យមានអនាម័យស្របគ្នានេះ មន្រ្តីពន្ធនាគារពិសេសលោកប្រធានក៏ត្រូវតែ មានសាប៊ូសម្រាប់ឲ្យទណ្ឌិត បានសម្អាតដៃរបស់ពួកគេឲ្យបានជាប់លាប់ ព្រោះការលាងដៃ និងទម្លាប់មានអនាម័យ ពិសេសគឺការគន្លាតពីគ្នាពីសំណាក់ទណ្ឌិត វានឹងទប់ស្កាត់បានចំពោះការឆ្លងកូវីត១៩នៅក្នុងពន្ធនាគារ ។

បើតាមឯកឧត្តម ម៉ៅ ណំ សូមឲ្យមន្រ្តីពន្ធនាគារទាំងអស់ រឹតបន្តឹងឲ្យបានម៉ឺងម៉ាត់ចំពោះសាច់ញាត្តិរបស់ទណ្ឌិត ដែលមកសួរសុខទុក្ខ ដោយណែនាំឲ្យមានពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងមានអាគុលឬជែល ពិសេសត្រូវវាស់កម្ពៅពួកគាត់ និងរក្សាគន្លាតពីគ្នា មុនសួរសុខទុក្ខទណ្ឌិត ព្រោះបើកាលណា ទណ្ឌិតម្នាក់ក្នុងពន្ធនាគារ ឆ្លងកូវី១៩នេះហើយ យើងប្រាកដជាជួបផលលំបាក ហើយវានឹងឆ្លងរីករាលដាលពេញពន្ធនាគារតែម្តង ដូច្នោះសូមមន្រ្តីពន្ធនាគារទាំងអស់ អនុវត្តឲ្យបានតឹងរឹងជាទីបំផុត ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ