សាខាកាកបាទក្រហមខេត្តកំពត ទទួលអំណោយអង្ករ ពីសប្បុរសជនដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងខេត្តកំពត

(កំពត)៖ សាខាកាកបាទក្រហមខេត្តកំពត នៅរសៀលថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ បានធ្វើពិធីប្រគល់ និងទទួលអំណោយអង្ករសប្បុរសធម៌ពីសប្បុរសជន ដែលពិធីនេះបានធ្វើឡើងនៅសាលាខេត្ត ក្រោមវត្តមានឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងម្ចាស់អំណោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) និងលោកជំទាវ សេង ពុទ្ធិឆាត។

អង្គរដែលបាន ធ្វើពិធីប្រគល់ និងទទួលពេលនេះមានចំនួន១០តោន គឺជាអំណោយសប្បុរសធម៌ក្នុងគោលដៅដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ត្រៀមបម្រុងសម្រាប់ជួយដល់ប្រជាពលរដ្ឋ ងាយរងគ្រោះខ្វះខាតជីវភាពគ្រួសារនិងជួបការលំបាក។ ពិសេសក្នុងដំណាក់កាលស្ថានភាព ត្រៀមបង្ការ ប្រយុទ្ធទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ហើយបញ្ហានេះជាបន្ទុកលំបាកធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាលក៏ដូចពិភពលោកទាំងមូលកំពុងរួមគ្នាដោះស្រាយ។

មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ចំរើន សមាជិកព្រឹទ្ធសភាភូមិភាគ ៣ បានសំដែងក្ដីរីករាយ ប្រកបដោយទឹកចិត្តសប្បុរសធម៌ក្នុងការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងគោលដៅរួមចំណែកជួយសម្រាលបន្ទុកការលំបាកជាមួយរដ្ឋបាលខេត្ត ដើម្បីយកទៅដោះស្រាយជួយដល់ប្រជាពលរដ្ឋខ្វះខាតនិងប្រឈមងាយរងគ្រោះ នៅមូលដ្ឋានក្នុងខេត្តកំពត។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជន គឺឯកឧត្តមប្រាក់ ចំរើន និងលោកជំទាវ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជាអំណោយអង្ករនាពេលនេះ ដែលរដ្ឋបាលខេត្ត បាននិងកំពុងត្រូវការ សម្រាប់យកទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋប្រឈមងាយរងគ្រោះនិងខ្វះខាតជីវភាព នៅមូលដ្ឋាននានាក្នុងខេត្តកំពត ដែលសព្វថ្ងៃនេះរដ្ឋបាលខេត្តបាននិងកំពុងធ្វើកម្មវិធីមមារញឹកចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតក្នុងខេត្តជាបន្តបន្ទាប់។

ឯកឧត្តមអភិបាលខេត្ តបានចាត់ទុកអំណោយអង្ករ នាពេលនេះគឺពិតជាសំខាន់ ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្តប្រដូចជារាជរដ្ឋាភិបាល ដើម្បីជាតម្រូវការដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកល ពិភពលោក ក៏ដូចតាជរដ្ឋាភិបាលកម្ពុជាយើង បាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយការលំបាកនេះ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត