មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក

(រតនគិរី)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សហការជាមួយ និងនគរបាលចរាចរណ៍ខេត្ត នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ  ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់។ ពិធីនេះធ្វើឡើង នៅចំណុចរង្វង់មូលខេត្តទីរួមក្រុងបានលុង។

លោក សាយ សាមានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានលើកឡើងថា   យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយអប់រំណែនាំ  ដល់អ្នកបើកបរ យានយន្ត ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់  មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក  ដោយបានចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយ  សំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់។

លោក បន្ដថាយុវជន ដែលបានចូលរួមឆ្លើយសំណួរ នៅក្នុងយុទ្ធនាការនេះ បានយល់ដឹងច្បាស់អំពីចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងមូលហេតុការស្លាប់អ្នកទាំងនោះផងដែរ។ ហើយតាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការ នេះដែរ   បងប្អូននឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ន នៅពេលបើកបរ និងបន្តផ្សព្វផ្សាយដល់អ្នកដទៃទៀត ឲ្យបានយល់ដឹងផងដែរ។

ក្នុងយុទ្ធនាការនេះ បានប្រើប្រាស់សម្ភារ និងឯក សារមួយចំនួន ៖ មួកសុវត្ថិភាព៧៥មួក,  សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ១៥០ក្បាលសៀវភៅអ្វីដែល អ្នកបើកបរទោចក្រយានយន្តគួរយល់ដឹង ១៥០ក្បាល,  ខិតបណ្ណជំនួយស្មារតី ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក១៥០សន្លឹក,  ស្ទីកឃ័រចំណាំងផ្លាត១៥០សន្លឹក, ស្ទីកឃ័រ ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍ ១៥០សន្លឹក៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី