អភិបាលខេត្ត ចុះពិនិត្យការរុះរើសំណង់ប៉ះពាល់ការដ្ឋានសាងសង់ពង្រីកផ្លូវ និងអរគុណនូវការចូលរួមរុះរើដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ 

(សៀមរាប)៖ នាព្រឹកថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ក្រុង សង្កាត់ មេភូមិ ស្ទឹងថ្មី ចុះទៅពិនិត្យផ្លូវកដប ត្រង់ ចំណុច ផ្លូវ ភូមិ ស្ទឹងថ្មី ប្រសព្វនឹងផ្លូវសម្តេចទេពវង្ស( ផ្លូវផ្សារញ៉ែ ទៅស្តុបឡាប៉េ ទល់មុខផ្សារទំនេីប ចៅសាំងហុក ) ដេីម្បីពិនិត្យមេីល ផ្ទះ និងសំយ៉ាបផ្ទះដែលប៉ះពាល់លេីដីចំណីផ្លូវរបស់ប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដោយកន្លងមកបានឯកភាពឲ្យក្រុមការងារចម្រុះរដ្ឋបាលខេត្តរុះរើ ដេីម្បីពង្រីកផ្លូវឲ្យបានធំទូលាយ និងងាយស្រួលក្នុងការធ្វេីចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសៀមរាប ក៏ដូចជាការចូលរួមបញ្ជៀសការកកស្ទះចរាចរផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារចម្រុះរដ្ឋបាលខេត្ត ចុះរុះរើផ្ទះ និងសំយ៉ាបផ្ទះដែលប៉ះពាល់ដីចំណីផ្លូវដោយស្ម័គ្រចិត្តដែលរដ្ឋបាលខេត្តបាន និងកំពុងដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ដោយមានការពង្រីកផ្លូវតាមទំហំដែលបានកំណត់ដោយ គណៈកម្មការរដ្ឋបាលខេត្ត។

សូមបញ្ជាក់ថាទិសដៅការងារឆ្នាំ២០២០ រដ្ឋបាលខេត្ត បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប