លោក អម សុភា អភិបាលរងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ ការប្រជុំរៀបចំផែនការថតរូបគ្រួសារ ក្រីក្រនៅ ឃុំឈូកស និងពិនិត្យការថតរូបគ្រួសារក្រីក្រនៅ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច

(កំពង់ឆ្នាំង)៖នៅព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលខេត្ត សម្រាប់ការងារ អត្តសញ្ញាណកម្មគ្រួសារ ក្រីក្របានអញ្ជើញចុះត្រួតពិនិត្យ ការប្រជុំរៀបចំផែនការថតរូបគ្រួសារក្រីក្រនៅឃុំឈូកស និងពិនិត្យការថតរូបគ្រួសារក្រីក្រនៅ ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ដែលមានការអញ្ជើញចូលរួមពីលោក​ ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានសម្របសម្រួលថ្នាក់ខេត្ត សម្រាប់ការងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកស្រី មែ បុប្ផា អភិបាលរងស្រុកកំពង់ត្រឡាច មន្ត្រីសម្របសម្រួល និងមន្ត្រីថតរូបអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកមេឃុំឈូកស និងលោកមេឃុំសែប មេភូមិ និងប្រជាពលរដ្ឋ ៦២គ្រួសារ។

ថ្លែង​ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ និងបានថ្លែងអំណរគុណដល់អាជ្ញាធរឃុំដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងបានខិតខំ អភិវឌ្ឍន៍មូលដ្ឋាន ធ្វើអោយជីវភាពប្រជាពលរដ្ឋប្រសើរឡើង នេះបើតាមទិន្នន័យគ្រួសារក្រីក្រ ដែលមានការថយចុះជាលំដាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ និងបានយកចិត្តទុកដាក់ខ្ពស់ លើជីវភាពប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេសគ្រួសារក្រីក្រ ដោយរាជរដ្ឋាភិបាលបានបង្កើតនូវប្រព័ន្ធគាំពារសង្គម ដើម្បីលើកស្ទួយជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានសុំណូមពរឱ្យអាជ្ញាធរ​បន្ដផ្សព្វផ្សាយ​អំពីវិធានការ​ការពារ​ជម្ងឺ​កូវីដ១៩ និ​ងបាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ បន្ដរក្សាអនាម័យ ដោយ​អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។

បន្ថែម​ពីនោះ លោកអភិបាលរងខេត្ត បានសុំណូមពរឱ្យប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រចូលរួមថតរូប អោយបានគ្រប់ៗគ្រួសារ ដើម្បីបានរូបដាក់លើប័ណ្ណសមធម៌ ងាយស្រួលពេលទៅទទួលសេវា ៕