លោក ប៉ែន វណ្ណរិទ្ធ ជំរុញប្រជាកសិករចិញ្ចឹមសត្វឲ្យបានច្រើនកាត់បន្ថយការនាំចូលពីក្រៅប្រទេស

(កំពង់ធំ)៖ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២០
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ សហការណ៍ជាមួយក្រុមហ៊ុន CP បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក ងី គឹមពៅ នៅភូមិអូរគគី ឃុំជ្រាប់ ស្រុកសន្ទុក ក្នុងនោះកសិដ្ឋានចិញ្ចឹមជ្រូក មានចំនួន៦រោង ដែលមានជ្រូកសាច់ចំនួន៤៥០០ក្បាល ។

ក្នុងការចុះត្រួតពិនិត្យលោក ចែ យ៉ាណូ តំណាងក្រុមហ៊ុន CP ប្រចាំខេត្តកំពង់ធំ បានលើកឡើងថា ការផលិតក្នុងមួយវគ្គគឺមានប្រមាណ ៤៥០០ ក្បាលហើយក្នុងមួយវគ្គមាន ២៥ សប្តាហ៍គិតជាថ្ងៃរយៈពេល១៧៥ថ្ងៃទម្ងន់ជាមធ្យមមួយក្បាល ១០០ គីឡូក្រាម។

លោកបន្តទៀតថាចំណែកសត្វមាន់មានរយៈពេល៣៦ ថ្ងៃ ទម្ងន់គិតជាមធ្យម ២,២០ គីឡូក្រាមទៅ២,៣០គីឡូក្រាម។ ហើយការផ្ដល់ចំណីដល់សត្វគឺមានលក្ខណៈស្តង់ដារអន្តរជាតិមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូបចុកនោះទេ។

លោកបានបញ្ជាក់ទៀតថា សត្វដែលបានយកមកចិញ្ចឹមត្រូវបានចាក់វ៉ាក់សាំងការពារយ៉ាងត្រឹមត្រូវចៀសវាងការឆ្លងជម្ងឺផ្សេងៗទៀតផង។ ចំពោះសត្វទាំងអស់មុននឹងនាំទៅកាន់ទីផ្សារ ត្រូវបានពិនិត្យសុខភាពល្អរឺមិនល្អជាមុន ដើម្បីលើកកម្ពស់សុខភាពអ្នកហូប។ ជាមួយគ្នានោះដែរលោកក៏បានសំណូមពរទៅដល់ប្រមុខរាជរដ្ឋាភិបាលសូមមេត្តាជួយសម្រួលបញ្ចុះភ្លើងដើម្បីឲ្យប្រជាកសិករមានការផលិតអោយមានតម្លៃទៀបបើធៀបទៅនឹងប្រទេសជិតខាង ។

លោក ប៉ែន វណ្ណរិទ្ធ បានកោតសរសើរកសិដ្ឋានរបស់លោក ងី គឹមពៅ ដែលបានគិតគូពីសុខមាលភាពប្រជាពលរដ្ឋ និងជំរុញការចិញ្ចឹមជ្រូក មាន់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេសតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ជាមួយគ្នានេះផងដែរលោកនឹងខិតខំនិងបង្កលក្ខណៈងាយស្រួលទៅលើផ្នែកច្បាប់និងបង្កើនការផលិតដើម្បីកាត់បន្ថយការនាំចូលសត្វពីប្រភពខាងក្រៅនិងបង្កើនការងារដល់ប្រជាពលរដ្ឋដែលនៅក្នុងប្រទេសរបស់យើងផង៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ