សាសនិកឥស្លាមក្រីក្រចំនួន២០០គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ បន្តទទួលអាហារស្រាយបួសខែរ៉ម៉ាឌន ពីតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងសមាជិកក្រុមប្រឹក្សាខេត្ត

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាអុីមុំាខេត្ត និងឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត អមដំណើរដោយ អុីមុំាស្រុក ក្រុមប្រឹក្សា ស្រុក អុីមុំាម៉ាស្ជិទ អាជ្ញាធរ ភូមិឃុំ បន្តចែកអាហារស្រាយបួសខែរ៉ម៉ាឌនជូនសាសនិកឥស្លាមក្រីក្រ២០០គ្រូសារ នៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ និងនៅភូមិមួយចំនួនទៀត ក្នុងស្រុកក្រូចឆ្មារ។

នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ឯកឧត្តម ម៉ូត យូសុះ បានណែនាំបង្ហាញប្រាប់ដល់បងប្អូនសាសនិកឥស្លាម ចំពោះការអនុវត្ត ការបួសតមអាហារ តាមច្បាប់សាសនាឥស្លាម អាចអនុវត្តបាន តែតម្រូវអោយគោរពទៅចំពោះអល់ឡោះ បន្ទាប់មកត្រូវគោរពតាមមាគាព្យាការីមូហាំម៉ាត់បានប្រើ បន្ទាប់មកទៀតអោយគោរពមេដឹកនាំរបស់ខ្លួន។

ឯកឧត្តម ម៉ូត យូសុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយ និងអ្នកដែលនាំយកអំណោយមកជូនប្រជាពលរដ្ឋ ហើយឯកឧត្តមសំណូមពរអោយនៅតែបន្ត ជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្ហាញពីវប្បធម៍ចែករំលែកជួយគ្នាក្នុងគ្រាទុក្ខលំបាក ពិសេសសម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ។

ឯកឧត្តម ម៉ូត យូសុះក៏បានផ្តាំផ្ញើ ដល់បងប្អូនពលរដ្ឋរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ ដែលជាជំងឺរាតត្បាតជាសកលដោយណែនាំឲ្យយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស ទឹកអាល់កុល និងជែលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗត្រូវដុសលាងសម្អាតដៃមុនពេល ប៉ះពាល់ និងក្រោយពេលប៉ះពាល់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈ ដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។

បន្ថែមលើសពីនេះ ត្រូវការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារ ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងពេលដ៍ខ្លីខាងមុខនេះ ពលករដែលនឹងត្រឡប់មកពីប្រទេសម៉ាឡេស៊ីប្រមាណជា២០០នាក់ជាងវិលត្រឡប់មកប្រទេសយើងវិញ ត្រូវប្រកាន់ខ្ជាប់នូវការអនាម័យ អោយបានខ្ជាប់ខ្ជួន ហើយដាក់ខ្លួនអោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃពីក្រុមគ្រូសារ បងប្អូន ដើម្បីចូលរួមទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩។

ចំពោះអំណោយជាកញ្ចប់អាហារស្រាយបួសជូនគ្រួសារឥស្លាមក្រីក្រចំនួន២០០គ្រួសារ ក្នុងមូយគ្រូសារទទួលបាន អង្ករ, គ្រឿងឧបភោគបរិភោគ គិតថវិការអស់៤០.០០០រៀល និងលោកគ្រូ អ្នកគ្រូ ១០នាក់ដែលបង្រៀននៅសាលាតាក់ហ្វីសហ៊្សុលកូរអាន់អាននូរកម្ពុជា ក្នុងម្នាក់ៗទទូលបានថវិកាចំនួន ១០០.០០០ រៀល សរុបថវិកាអាហារស្រាយបូស និងប្រាក់ឧបត្ថម្ភទាំងអស់ស្មើនិង ៩.០០០.០០០ រៀល (ប្រាំបួនលានរៀលគត់) ក្នុងសប្បុរសជនមកពីប្រទេសម៉ាឡេស៊ី ៨.០០០.០០០ រៀល តាមរយៈឯកឧត្តមសុះ អារ៉ហ្វាត និងថវិកា ១.០០០.០០០រៀលទៀត ជាថវិការបស់ឯកឧត្តមផ្ទាល់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ