ក្រុមការងារស.ស.យ.កស្រុកកែវសីមា ទទួលបានថវិកា ៣០០$ ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ខណៈកំពុងចុះផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩

(មណ្ឌលគិរី)៖ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ នូវវិធានការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ហឿន សុខណា ប្រធានសហភាពសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមា រួមទាំងសហការី ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាពស្រុក និងកងកម្លាំងនគរបាល បានចុះផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជម្ងឺCovid-19 នៅភូមិស្រែព្រះ ភូមិពូចា ភូមិអូរច្រា និងភូមិពូគង់ និងបានឧបត្ថម្ភថវិកាចំនួន៥០០០០៛ ជូនដល់ចាស់ជរាគ្មានទីពឹងម្នាក់ នៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា។ក្នុងការចុះផ្សព្វផ្សាយនោះដែរ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពជា បានធ្វើដំណើរឆ្លងកាត់នៅចំណុចខាងលើ ក៏បានចុះជួបសំណេះសំណាលជាមួយក្រុមការងារស.ស.យ.កស្រុក ខណៈកំពុងចុះផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យ ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ និងបានឧបត្ថមថវិកាចំនួន ៣០០ដុល្លារ។នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារស.ស.យ.កតាមបណ្តាខេត្ត/ក្រុង/ស្រុក ដែលបានចុះអប់រំផ្សព្វផ្សាយ និងប្រើប្រាស់ជាភាសាជនជាតិដើមភាគតិច ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕