អភិបាលខេត្តកំពង់ធំអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមថវិកាក្នុងឱកាសអបអរសាទរខួបទី១៥៧ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០២០

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមថវិកាក្នុងឱកាសអបអរសាទរខួបទី១៥៧ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០២០ ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះក្នុងពិធីដែលឯកឧត្តម បានអញ្ជើញចូលរួមជាអធិបតីភាព ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទិវា០៨ ឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងបញ្ជាការកទាំង៣ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអភិបាលក្រុង/ស្រុកទាំង០៩ ព្រឹកថ្ងៃចន្ទទី០៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សុខ លូ មានប្រសាសន៍ផ្សព្វផ្សាយពីលិខិតលេខ ១៣៩ កក្រក.ទ.ទ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ របស់កាកបាទក្រហមកម្ពុជាស្ដីពីការកៀរងគររកមូលនិធិតាមបណ្ដាសាខា ក្នុងឱកាសអបអរសាទរខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ឧសភាក្រោមប្រធានបទ(ខ្ញុំស្រឡាញ់សន្តិភាព ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា)។

ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតគណៈកម្មការរៀបចំការគៀងគររកមូលនិធិ និងអំណោយមនុស្សធម៌មានភារកិច្ចដូចជា៖ ១.រៀបចំធ្វើសេចក្តីអំពាវនាវ បណ្ដាខ្លឹមសារពាក់ព័ន្ធទិវា និងបែងចែកទៅតាមគោលដៅ, ២.រៀបចំរូបថតផ្សព្វផ្សាយ ពីសកម្មភាពមនុស្សធម៌នៅកន្លែងទទួលអំណោយ។

៣.ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងតាមប្រព័ន្ធព័ត៌មាន អំពីសារៈសំខាន់ទិវា ០៨ ឧសភា, ៤.រៀបចំលិខិតថ្លែងអំណរគុណជូនសប្បុរសជន, ៥.រាយការណ៍សុំយោបល់គណៈកម្មការកណ្ដាលករណីចាំបាច់ និង ៦.បូកសរុបលទ្ធផលកៀរងគររកមូលនិធិប្រចាំថ្ងៃនិងវគ្គបញ្ចប់ ជូនថ្នាក់ដឹកនាំ។

ជាចុងក្រោយឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ទៅលើការសម្អាតបរិស្ថាន សូមឱ្យថ្នាក់ដឹកនាំទាំងអស់ជំរុញផ្សព្វផ្សាយ ពីការសំអាតបរិស្ថាននៅក្នុងខេត្ត ក៏ដូចនៅតាមស្រុកដើម្បីឲ្យក្លាយទៅជាទីក្រុងស្អាត។ សម្រាប់ពលករដែលធ្វើចំណាកស្រុកសព្វថ្ងៃនេះត្រូវតែតាមដានគាត់ជាប្រចាំគ្រប់ពេលវេលាព្រោះគាត់ធ្វើដំណើរជាបន្តបន្ទាប់ដើម្បីបង្ការពីជំងឺកូវីដ-១៩ ៕ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ