កសិករមួយរូបជោគជ័យខ្ពស់ក្នុងការចិញ្ចឹមមាន់ស្រែ នៅឃុំចក ស្រុកអូររាំងឳ បង្ហាញតិចនិចចិញ្ចឹម៥ចំនុចសំខាន់ៗ គួរតែស្វែងយល់ និងអនុវត្តន៍តាម

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោក ហេង ពិសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ ដឹកនាំសហការី បានចុះពិនិត្យនិងដកស្រង់បទពិសោធន៍ពីការចិញ្ចឹមមាន់ស្រែ របស់លោក ផុន សេងឌី នៅភូមិប្រាសាទ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានទ្រុងចិញ្ចឹមមាន់ស្រែទំហំ ១២ម×១៨ម ធ្វើអំពីដែក និងកំពុងចិញ្ចឹមមាន់ស្រែយកសាច់និងកូនចំនួន១៩៨ក្បាល ក្នុងនោះមាន់មេពូជចំនួន១៨០ក្បាល មាន់ឈ្មោលចំនួន១៨ក្បាល។

បន្ទាប់ពីទទួលបានបច្ចេកទេសចិញ្ចឹមមាន់ លោក ផុន សេងឌី លក់បានកូនមាន់សរុបប្រមាណជាង ២០០០កូន និងមាន់សាច់សរុបប្រមាណ៥០០គ.ក្រ។ នាថ្ងៃខាងមុខលោក ផុន សេងឌី មានគម្រោងបន្តពង្រីកបន្ថែមទៀត ដោយលោកសង្កេតឃើញថាបច្ចុប្បន្ននេះ តម្រូវការទីផ្សារមាន់ស្រែមានកាន់ច្រើនកំណើន តាមរយៈអ្នកប្រមូលទិញចល័តក្នុងស្រុក កសិករទិញកូនយកទៅចិញ្ចឹមផ្ទាល់ក៏ច្រើនផងដែរ។

លោក ផុន សេងឌី បានបន្តថា ៖ លោកចាប់ផ្តើមមុខរបរចិញ្ចឹមមាន់ស្រែនេះនៅឆ្នាំ២០១៨ ដែលបានរៀនសូត្របទពិសោធន៍ពីលោកស្រី ពុធ សុជា ជាកសិករទទួលបានជ័យលាភី ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីឆ្នាំ២០១៧ ហើយបានបង្ហាញពីការពេញចិត្តនឹងការចិញ្ចឹមមាន់ថា ជាសេចក្តីស្រឡាញ់និងបំណងប៉ងប្រាថ្នាជាយូរមកហើយ ដែលជាក់ស្តែងមកដល់ពេលនេះ បានធ្វើឲ្យគាត់មើលឃើញពីភាពជោគជ័យនិងមានមហិច្ឆិតា ពង្រីកបន្ថែមទៀតនាពេលខាងមុខទៀត។

លោក ផុន សេងឌី បានបង្ហាញពីបទពិសោធន៍ដែលបណ្តាលឲ្យទទួលបានជោគជ័យនេះលើកត្តា៥ រួមមាន ៖ ១-ការរៀបចំទ្រុងបណ្តោយថ្ងៃ ឲ្យពន្លឺចូលបានគ្រប់គ្រាន់ ២-ការជ្រើសរើសពូជមេបា ក៏ដូចជាកូនមាន់ ដែលមានសុខភាពល្អ រឹងមាំមិនមានជំងឺ ពូជមាន់ដែលផ្តល់ការលូតលាស់លឿន ព្រមទាំងចាក់វ៉ាក់សាំង ការពារជំងឺគ្រប់គ្រាន់តាមបច្ចេកទេស ៣-ការថែទាំឲ្យបានដិតដល់ ព្រឹកល្ងាច ដោយការយកចិត្តទុកដាក់ ៤-ការអនុវត្តវិធានជីវសុវត្ថិភាពជាប្រចាំ បាញ់សម្លាប់មេរោគទៀងទាត់ ៥-ការផ្សំចំណីដោយខ្លួនឯង ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជាពិសេស។

ដោយឡែកការផ្សំចំណីផ្ទាល់របស់លោក ផុន សេងឌី សម្រាប់ចិញ្ចឹមមាន់សាច់អាយុចាប់ពី២១ថ្ងៃឡើងទៅ ដើម្បីបានចំណីស្រស់ ៩គ.ក្រ ត្រូវប្រើសមាសធាតុផ្សំដូចខាងក្រោម ៖ ពោតកិន ២គ.ក្រ, កន្ទក់ ១,៥គ.ក្រ, ចុងអង្ករ ០,៥គ.ក្រ, ម៉្សៅត្រី ០,៥គ.ក្រ, អំបិល ១ខាំ, ស្ករ ០,៥ខាំ, ចំណីសម្រេច ២គ.ក, ប្រភេទបន្លែបន្ថែម ៣គ.ក្រ ដោយលាយជាមួយទឹកស្អាត ៣លីត្រ ច្របល់ចូលគ្នាឲ្យសព្វ ទើបយកទៅដាក់ឲ្យមាន់ស៊ីភ្លាមៗតែម្តង។

សូមបញ្ជាក់ថា ចំណីផ្សំនេះ មិនអាចទុកយូរបានទេ ក្រែងជូរផ្អូម ដែលបណ្តាលឲ្យមាន់ឈឺ។ ការធ្វើបែបនេះ សាច់មាន់មានរសជាតិឆ្ងាញ់ សុវត្ថិភាព គ្មានមេរោគ សាច់មានគុណភាព និងកាត់បន្ថយចំណាយលើចំណីពីក្រុមហ៊ុនបានមួយចំណែក សម្រាប់កូនមាន់មានអាយុតិចជាង២១ថ្ងៃ ត្រូវប្រើចំណីសម្រេច(ចំណីក្រុមហ៊ុន) ដែលទិញមកពីផ្សារស្រាប់។

ទន្ទឹមនឹងភាពជោគជ័យនេះដែរ មន្ត្រីជំនាញបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានផ្តល់ការណែនាំតម្រង់ទិសបន្ថែមដូចជា ៖ គួរធ្វើរបាំងខណ្ឌពីផ្លូវសាធារណៈ ជៀសវាងការចម្លងជំងឺ, -គួរពង្រីកការចិញ្ចឹមមាន់បន្ថែមទៀតឲ្យបានឆាប់ ក្នុងការបង្កើនកូនមាន់និងសាច់មាន់ឲ្យបានច្រើន ដើម្បីឆ្លើយតបតម្រូវការកូនមាន់និងសាច់មាន់ ទៅលើទីផ្សារ, -ត្រូវពង្រីកការដាំបន្លែ ដើម្បីបង្កើនចំណូលបន្ថែម និងកម្ទេចកំទីបន្លែ យកមកធ្វើជាចំណីមាន់ ទោះយ៉ាងណាការចងក្រងជាក្រុមឬសហគមន៍ ចិញ្ចឹមមាន់ មានសារៈសំខាន់ណាស់ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការផ្គត់ផ្គង់ទៅអ្នកប្រមូលទិញឲ្យមានជាប្រចាំ រក្សានិរន្តរភាពទីផ្សារនិងតម្លៃល្អប្រសើរផងដែរ៕