សាសនិកឥស្លាមក្រីក្រចំនួន៦១គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ ទទួលអាហារស្រាយបួសខែរ៉ម៉ាឌន ពីតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងសមាជិកក្រុមប្រឹក្សាខេត្ត

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាអុីមុំាខេត្ត រួមដំណើរដោយឯកឧត្តម សុះ រ៉ហ្វាត និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងអុីមុំាស្រុក ក្រុមប្រឹក្សា ស្រុក អុីមុំាម៉ាស្ជិទ អាជ្ញាធរ ភូមិឃុំ បន្តចែកអាហារស្រាយបួសខែរ៉ម៉ាឌនជូនសាសនិកឥស្លាមក្រីក្រចំនួន៦១គ្រួសារ នៅភូមិវាលវង់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ឯកឧត្តម ម៉ូត យូសុះ បានណែនាំបង្ហាញប្រាប់ដល់បងប្អូនសាសនិកឥស្លាម ចំពោះការអនុវត្តការបួសតមអាហារតាមច្បាប់សាសនាឥស្លាមអាចអនុវត្តបាន លើកលែងតែការថ្វាយបង្គំពើតចាម៉ាអះ ហ្វើតទូជុំគ្នា និងថ្វាយបង្គំពើតចាម៉ាអះថ្ងៃសុក្រទេ ដែលមិនអាចធ្វើបាន ដែលតម្រូវឲ្យបងប្អូនថ្វាយបង្គំតាមផ្ទះរៀងៗខ្លួន តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីចូលរួមការពារការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ។

បន្ទាប់មកឯកឧត្តម ម៉ូត យូសុះ និងក្រុមការងារបានចុះចែកអំណោយ អាហារ ស្រាយបួស អង្ករ គ្រឿង ឧបភោគ បរិភោគ ដែលរួមមាន អង្ករគីឡូក្រាម ទឹកក្រូច៣លីត្រ ទឹកដោះគោ១កំប៉ុង មី៥កញ្ចប់ ប្រេងឆា ១ដប ស្ករស១គីឡូក្រាម សរុបចំណាយថវិកាក្នុង១គ្រួសារ ២៧៥០០៛ សរុបចំណាយថវិការួមទាំង៦១គ្រួសារអស់ ១,៧៧៩,៥០០៛ ជាការឧបត្ថម្ភពីសប្បុរសជនក្រៅប្រទេស តាមរយៈលោក យ៉េប យូសុះ គ្រូបង្រៀនខ្មែរឥស្លាមភូមិវាលវង់។

ឯកឧត្តម ម៉ូត យូសុះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់អំណោយ និងអ្នកដែលនាំយកអំណោយមកជូនប្រជាពលរដ្ឋ ហើយឯកឧត្តមសំណូមពរអោយនៅតែបន្ត ជួយឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្ហាញពីវប្បធម៍ចែករំលែកជួយគ្នាក្នុងគ្រាទុក្ខលំបាក ពិសេសសម្រាប់ប្រជាពលរដ្ឋទីទាល់ក្រ។

ដោយឡែក ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់លោកហាកិម អុីមុំាម៉ាស្ជិតចំនួន៦ភូមិរួមមាន ភូមិវាលវង់ ភូមិត្រពាំងខ្លា ភូមិកាឡូចាស់ ភូមិផ្កាដូង ភូមិប្រផាត់ ភូមិជ្រែមីន សម្រាប់បង់ថ្លៃភ្លើងវិហារឥស្លាមក្នុងខែបួស ដោយមួយភូមិទទួលបានថវិកា ១០០ ០០០រៀល សរុប ៦០០ ០០០រៀល។

ស្ថិតក្នុងឱកាសនោះដែរឯកឧត្តម ម៉ូត យូសុះ ជាអុីមុំាខេត្តត្បូងឃ្មុំ ក៍បានធ្វើការសំណូមពរដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អុីមុំាស្រុក អុីមុំាម៉ាស្ជិទ នៅតាមបណ្តាភូមិឃុំទូទាំងខេត្តត្បូងឃ្មុំ រួមគ្នាសហការជាមួយអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តទប់ស្កាត់ការពារការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ ៕