មន្ត្រីសុខាភិបាលយោធា នៃកងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ផ្សព្វផ្សាយពីវិធានការ ការពារជំងឺកូរ៉ូណាវីរុស COVID-19 ដល់នាយទាហាន និងពលទាហានជាច្រើនរយនាក់

(ព្រះវិហារ)៖ នាយការិយាល័យសុខាភិបាល នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកវរៈសេនីយ៍ទោ ទូច ចំរើន បានផ្សព្វផ្សាយ ពីវិធីបង្ការ ការរីករាលដាលជំងឺកូវីដ១៩នោះ ដោយបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងអង្គភាពទិសជួរមុខ ប្រាសាទព្រះវិហារ។

លោកវរៈសេនីយ៍ទោ ទូច ចំរើន បានណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ ឲ្យរួមគ្នាបន្តអនុវត្តបទបញ្ជា រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ពីវិធានការបង្ការ ការពារ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតមានជាសកលនៅលើពិភពលោក។

លោកថា សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា បានតម្រូវអោយប្រជាពលរដ្ឋកម្ពុជា នាយទាហាន ពលទាហាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ដល់គ្រួសារយុទ្ធជន បងប្អូនប្រជាពលរដ្ឋ និងបងប្អូន កូនចៅ គ្រួសារកងទ័ពទាំងអស់ ដែលទើបវិលត្រឡប់ មកពីក្រៅប្រទេស និងតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះសុខភាព និងការរស់នៅ ត្រូវមានអនាម័យល្អ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល និងទឹកអនាម័យ អោយបានញឹកញាប់ ត្រូវសំអាតបរិវេណផ្ទះ និងកន្លែងរស់នៅ អោយបានគ្រប់ៗគ្នាជាប្រចាំ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ពិសេស អនុវត្តតាមអនុសាសន៍ដ៏ខ្ពងខ្ពស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្ការ និងទប់ស្កាត់បាន ពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅក្នុងមូលដ្ឋានរស់នៅ។

លោកថា នៅគ្រាបច្ចុប្បន្ន ជំងឺដ៏កាចសាហាវនេះ កំពុងបន្តឆ្លង និងរាតត្បាតនៅទូទាំងសកលលោក បូករួមទាំងកម្ពុជា យើងផងដែរ តែកម្ពុជា ពុំទាន់មានអ្នកស្លាប់នឹងជំងឺកូវីដ១៩នេះនៅឡើយទេ។

លោកវរៈសេនីយ៍ទោ ទូច ចំរើន បានពាំនាំការផ្តាំផ្ញើពី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង លោកបានស្នើដល់កូនចៅ និងបងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាគ្រួសារកងទ័ព ដែលទើបវិលត្រឡប់ មកពីក្រៅប្រទេសទាំងអស់ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬ ហៀរសំបោរខុសធម្មតា ត្រូវស្នាក់នៅដាច់ដោយឡែក ពីគេ និងក្រុមគ្រួសារ ក្នុងរយះពេល១៤ថ្ងៃសិន ហើយត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យ សុំប្រឹក្សាយោបល់ ពីក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលអាការៈរោគនោះ។ លោកបានបញ្ជាក់ថា ក្រោយការពិនិត្យ និងព្យាបាលរួចហើយ ក្រុមពេទ្យបញ្ជាក់ថា គ្មានការកើតឡើង នៃជំងឺកូវីដ១៩ នោះទេ នោះទើបអាចរស់នៅជាមួយក្រុមគ្រួសារ និងញ្ញាតិមិត្ត បងប្អូន ឬ ឪពុកម្តាយបានដូចដើម ការធ្វើបែបនេះ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ