ក្រុមការងារស.ស.យ.កស្រុកកោះញែក ចូលរួមអមដំណើរ ឯកឧត្តម ណយ ស្រូន ចុះជួបសំណេះសំណាល និងនាំយកសម្ភារ ផ្តល់ជូនពលរដ្ឋក្រីក្រចំនួន៥៣គ្រួសារ នៅស្រុកកោះញែក

(មណ្ឌលគិរី)​៖ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះញែក ចូលរួមអមដំណើរឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគទី៨ ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងនាំយកសម្ភារមួយចំនួន ផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥៣គ្រួសារ ដើម្បីជួយសម្រួលការខ្វះខាត ក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាត ដែលប្រព្រឹត្តទៅនៅភូមិក្លង់ឡែ ក្នុងឃុំសុខសាន្ត ស្រុកកោះញែក នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។នាឱកាសនោះផងដែរ ឯកឧត្តម ណយ ស្រូន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យជាប្រចាំ តាមរយៈ ការលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែល ចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ ១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឱ្យបានត្រឹមត្រូវ។ ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការចិញ្វឹមសត្វ ព្រមទាំងដាំដំណាំបន្លែបង្ការរួមផ្សំផ្សេងៗបន្ថែមទៀត ចៀសវាងទុកដីទំនេរចោល ដើម្បីឱ្យជីវភាពរស់នៅមានលក្ខណៈសមរម្យ។

ជាចុងក្រោយ ឯកឧត្តម ណយ ស្រូន ក៏បានផ្តល់អំណោយ រួមទាំងសម្ភារការពារមេរោគកូវីដ១៩ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំសុខសាន្ត ចំនួន ៥៣គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ក្រម៉ា សាប៊ូ ម៉ាសការពារផងដែរ៕