អភិបាលខេត្តតាកែវ និងកោះកុង ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយក្រុមគ្រួសារ សព លោកស្រី វេជ្ជបណ្ឌិត ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង

(តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូថ្នាក់ខេត្ត រួមជាមួយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នឹងគណៈប្រតិភូ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង និងរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលយកមកបញ្ជុះនៅភូមិតាពៅ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។

មានប្រសាសន៍ចូលរួមរំលែកទុក្ខនាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានថ្លែងថា មរណ:ភាពរបស់លោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង គឺជាការបាត់បង់ថ្នាក់ដឹកនាំ ដែលជាធនធានមនុស្សជាបញ្ញាជន ដ៏សំខាន់មួយរូបសំរាប់ខេត្តកោះកុង ដែលលោកស្រីតែងតែបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ប្រកបដោយឆន្ទ:ខ្ពស់ក្នុងការជួយអភិវឌ្ឍខេត្តកោះកុង ទាំងវិស័យសុខាភិបាល វិស័យដឹកនាំរដ្ឋបាល និងការងារសង្គម អោយមានការរីកចម្រេីនកន្លងមក។

ឯកឧត្តមអភិបាលខេត្តតាកែវ និងលោកជំទាវអភិបាលខេត្តកោះកុង ក៏សូមចូលរួមរំលែកនូវមរណទុក្ខដ៏សោកសង្រេង ជាមួយក្រុមគ្រួសារនៃសព ហើយសូមបួងសួង ឱ្យវិញ្ញាណក្ខន្ធ លោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

គួរបញ្ជាក់ដែរថា លោកស្រីវេជ្ជបណ្ឌិត ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង បានទទួលមរណភាព នៅវេលាម៉ោង ០០៖៣០នាទី ឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ៤៩ឆ្នាំ ដោយរោគាពាធ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ